
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមគ្រូពេទ្យបឋមប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប បានឈួសឆាយកន្លែងកប់សាកសពមនុស្សនៅមន្ទីរពេទ្យ Al Shifa ស្ថិតនៅតំបន់ភាគខាងជើងហ្កាហ្សា ដោយសង្ឃឹមថានឹងរកឃើញសាកសពមនុស្សបាត់ខ្លួន ក្រោយការវាយឆ្មក់របស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញមន្ទីរពេទ្យទាំងស្រុង ក៏ដូចជាកំណត់អត្តសញ្ញាណអ្នកដែលបានបាត់ខ្លួន ។
ក្រោយរយៈពេល ២សប្តាហ៍នៃការវាយប្រហារទៅលើក្រុមជីវពលសង្ស័យ ធ្វើឲ្យអគាររងការឆាបឆេះទាំងស្រុងនោះ អ៊ីស្រាអែលបានដកទាហានរបស់ពួកគេចេញវិញកាលពីថ្ងៃចន្ទ ពីបរិវេនមន្ទីរពេទ្យ Al-Shifa ហើយក្រុមគ្រុពេទ្យបឋម និងក្រុមគ្រួសារបានវិលត្រឡប់មកកាន់ទីនេះវិញ ដើម្បីស្វែងរកមើលសាកសពមនុស្ស ។
អ្នកស្រី Maha Sweilam ដែលស្វាមីរបស់គាត់ធ្វើការនៅក្នុងមន្ទីរពេទ្យ Al Shifa អំឡុងការវាយឆ្មក់ បានដើររកមើលតាមគំនរបេតុងបាក់បែក ពេលដែលគ្រឿងចក្រកំពុងឈួសឆាយពំនូកដីខ្សាច់ក្បែរនោះ ។
អ្នកស្រី Sweilam និយាយថា គាត់ និងប្តីគាត់ដែលជាវេជ្ជបណ្ឌិតដូចគ្នា បានបែកគ្នា ហើយគាត់មិនបានដឹងថាតើមានរឿងអ្វីកើតឡើងចំពោះប្តីគាត់ឡើង ។
ជនប៉ាឡេស្ទីនម្នាក់ទៀត ដែលស្វែងរកសាច់ញាតិឈ្មោះ Nabil Abed និយាយថា ឪពុករបស់គាត់ ត្រូវបានសម្លាប់ ហើយលោកមកទីនេះ ដើម្បីកំណត់អត្តសញ្ញាណសាកសពរបស់គាត់ ។
អ៊ីស្រាអែល និយាយថា ពួកគេបានសម្លាប់យុទ្ធជនហាម៉ាស់រាប់រយនាក់ដែលលាក់ខ្លួននៅទីនេះ ប៉ុន្តែក្រុមហាម៉ាស់ និងក្រុមគ្រូពេទ្យ បានច្រានចោលថា ក្រុមសកម្មប្រយុទ្ធពុំបាននៅលាក់ខ្លួនទីនេះឡើយ ៕