
សកម្មជនហ្វីលីពីនរាប់សិបនាក់ នៅថ្ងៃអង្គារ (ទី៩ ខែមេសា) នេះ បាននាំគ្នាដើរដង្ហែទៅកាន់ស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុងម៉ានីល ដើម្បីថ្កោលទោសសកម្មភាពបង្កហេតុនាពេលថ្មីៗនេះរបស់ប្រទេសចិន នៅក្នុងដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង។
ដោយមានការជាន់លើរូបសំណាករបស់ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) សកម្មជនបានទាមទារឲ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពបង្កហេតុដែនសមុទ្ររបស់ខ្លួនលើអ្នកនេសាទហ្វីលីពីន និងលើបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ដល់ទាហានហ្វីលីពីនដែលឈរជើងយាមនាវាចម្បាំងចាស់ទ្រុឌទ្រោម ដែលចតនៅតំបន់ថ្មប៉ះប្រះទឹក Second Thomas Shoal។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីន និងចិន មានការប៉ះទង្គិចគ្នានៅដែនសមុទ្រជាច្រើនដង កាលពីខែមុន ដែលរាប់បញ្ចូលទាំងការប្រើប្រាស់កាណុងបាញ់ទឹក និងការប្រើពាក្យសម្ដីខ្លាំងៗដាក់គ្នាទៅវិញទៅមក ដែលបានបង្កឲ្យមានការព្រួយបារម្ភអំពីភាពតានតឹងកើនឡើង នៅដែនសមុទ្រនេះ។
ទីក្រុងប៉េកាំងទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលបានបង្កឲ្យមានកំហឹងពីប្រទេសជិតខាងមួយចំនួនដែលមានជម្លោះព្រំដែនជាមួយ ដោយពួកគេបាននិយាយថា ការអះអាងនោះបានកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ៕