
របបយោធារបស់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃអង្គារ (ទី៩ ខែមេសា) នេះ បានថ្កោលទោសចំពោះ «ការចោទប្រកាន់លម្អៀង» របស់អង្គការសហប្រជាជាតិ (UN) អំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន ហើយបាននិយាយថា ខ្លួនមិនបានទទួលការទាក់ទងផ្លូវការណាមួយនោះទេ ពាក់ព័ន្ធនឹងការតែងតាំងបេសកជនពិសេសថ្មីរបស់ UN ប្រចាំនៅប្រទេសដែលហែកហួរដោយជម្លោះនេះ។
គួរបញ្ជាក់ថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបញ្ចប់ការពិសោធន៍សាកល្បងលទ្ធិប្រជាធិបតេយ្យរយៈពេលខ្លី និងបង្កឲ្យមានការប៉ះទង្គិចជាមួយក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមអ្នកប្រឆាំងរដ្ឋប្រហារ។
របបយោធាបានប្រតិកម្មដោយកំហឹង ចំពោះការប៉ុនប៉ងរបស់ UN និងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលចង់បង្កើតឲ្យមានការសន្ទនា រវាងខ្លួន និងគូអរិ ដែលខ្លួនបានប្តេជ្ញា «កម្ចាត់ឲ្យបាន»។
កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN បានអនុម័តសេចក្ដីសម្រេចមួយ ដោយថ្កោលទោស «ការរំលោភសិទ្ធិមនុស្សដ៏អាក្រក់ និងជាប្រព័ន្ធ នៅប្រទេសមីយ៉ាន់ម៉ា។ ស្ថាប័ននេះក៏បានរិះគន់ «ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង» របស់របបយោធាលើការផ្ដល់ជំនួយមនុស្សធម៌ ដែលខ្លួនបាននិយាយថា កំពុងធ្វើឲ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបាននាំឲ្យមនុស្សជាង ២,៥លាននាក់ផ្លាស់ទីលំនៅ។
យ៉ាងណាក្ដី នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើទំព័រសារព័ត៌មាន Global New Light of Myanmar ក្រសួងការបរទេសរបស់របបយោធាបានលើកឡើងថា៖ «សេចក្ដីសម្រេចនោះ រួមបញ្ចូលការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងលម្អៀង។ ដូច្នេះ ប្រទេសមីយ៉ាន់ម៉ាសូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះសេចក្ដីសម្រេចនេះ»៕