
យោងតាមការអះអាងរបស់ទីភ្នាក់ងារផ្តល់ជំនួយ បានឲ្យដឹងថា នៅថ្ងៃអង្គារនេះ ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ បានបើកចូលតំបន់ហ្កាហ្សាស្រ្ទីប ដោយឆ្លងកាត់ច្រកព្រំដែនទីក្រុង Rafah ជាកន្លែងដែលជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ រត់ភៀសខ្លួនពីប្រតិបត្តិការសឹករបស់អ៊ីស្រាអែល ដែលជំរុញឲ្យពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សាស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ។
ពលរដ្ឋត្រូវបានគេមើលឃើញឡើងជិះពីក្រោយរថយន្ត ហើយពលរដ្ឋមួយចំនួនទៀត នាំគ្នារត់ដេញតាមពីក្រោយក្បួនរថយន្ត ។ ជម្លោះតិចតួច បានផ្ទុះឡើងផងដែរ ពេលដែលក្បួនរថយន្តបន្តដំណើរ ។
ទីក្រុង Rafah គឺជាជម្រកចុងក្រោយសម្រាប់ជនប៉ាឡេស្ទីន ដែលផ្លាស់ទីលំនៅដោយការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ដែលបានធ្វើឲ្យលំនៅឋានរបស់ពួកគេរាបស្មើក្លាយជាផេះផង់។
អ៊ីស្រាអែលនិយាយថា ទីក្រុង Rafah នេះគឺជាជម្រកសង្ស័យដ៏សំខាន់ចុងក្រោយរបស់អង្គភាពប្រយុទ្ធរបស់ក្រុមហាម៉ាស់ ដែលខ្លួនត្រូវតែលុបបំបាត់ចោលឲ្យអស់ ។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កាលបរិច្ឆេទមួយត្រូវបានកំណត់រួចហើយសម្រាប់ការលុកលុយទីក្រុង Rafah ៕