
អាហ្វ្រិកខាងត្បូង កំពុងងើបចេញពីគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែបាតុភូតធម្មជាតិអែល នីញ៉ូ ពេលដែលការឡើងកម្តៅទឹកសមុទ្រប៉ាស៊ីហ្វិកបញ្ចេញកម្តៅចូលទៅក្នុងបរិយាកាសនាំឲ្យកើតមានអាកាសធាតុក្តៅជាងមុននៅទូទាំងពិភពលោក ហើយនិងសីតុណ្ហភាពមធ្យមខ្ពស់ជាងមុន បង្កឡើងដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់ ។
កាលពីខែមុន ប្រទេសម៉ាឡាវី ហ្ស៊ីបាវ៉េ និងសំប៊ី បានប្រកាសគ្រោះមហន្តរាយជាតិ បង្កឡើងដោយសារគ្រោះរាំងស្ងួត ។
នៅប្រទេសម៉ាឡាវី ចោរលួចដំណាំ បានក្លាយជាបញ្ហាមួយ ស្របពេលដែលប្រភពស្បៀងអាហារអស់ ។ អ្នកស្រី Ulaliya Lapusoni គឺជាកសិករដាំពោតមួយរូប លែងអាចបង្កបង្កើនផលពោតបានទៀតហើយ ដោយសារតែគ្រោះរាំងស្ងួត ហើយគាត់កំពុងជួបការអត់ឃ្លាន ។
ជាការឆ្លើយតបចំពោះវិបត្តិមួយនេះ ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បានអំពាវនាវស្នើសុំឲ្យទីភ្នាក់ងារបរិច្ចាគជំនួយអន្តរជាតិ មេត្តាជួយប្រទេសរបស់លោកឲ្យជៀសផុតពីគ្រោះអត់ឃ្លាន ។
ភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុបាននិយាយនៅថ្ងៃអង្គារនេះថា ពិភពលោកទើបតែបានជួបប្រទះការហក់ឡើងសីតុណ្ហភាពក្ដៅបំផុតក្នុងខែមីនាលើកំណត់ត្រារបស់ពិភពលោកជាខែក្ដៅបំផុតក្នុងរយៈពេល១០ខែដែលគ្រប់ខែនីមួយៗ បានកើនឡើងសីតុណ្ហភាពខ្ពស់បំផុត ៕