
ទិន្នន័យពីមូលដ្ឋានដ្ឋានទិន្នន័យផ្ទេរអាវុធរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ SIPRI ដែលមានមូលដ្ឋាននៅទីក្រុង Stockholm ប្រទេសស៊ុយអែត បង្ហាញថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ចំនួន២ របស់អ៊ីស្រាអែល ដោយរួមបញ្ចូលគ្នាមានចំនួន ៩៩ភាគរយនៃការផ្ដល់អាវុធដែលផលិតដោយបរទេសដល់អ៊ីស្រាអែល កាលពីឆ្នាំមុន។
អនុស្សរណៈនៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អនុញ្ញាតឲ្យមានការផ្ដល់ជំនួយយោធាចំនួន ៣៨ពាន់លានដុល្លារអាមេរិកពីសហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៨។ អនុស្សរណៈនោះក៏តម្រូវឲ្យមានការផ្ដល់ជំនួយរាប់ពាន់លានដុល្លារផងដែរ សម្រាប់ទិញឧបករណ៍យោធាកម្រិតខ្ពស់ និងសាងសង់ប្រព័ន្ធការពារមីស៊ីល។
សម្រាប់អាល្លឺម៉ង់ ការលក់សព្វាវុធរបស់ប្រទេសអឺរ៉ុបមួយនេះដល់អ៊ីស្រាអែល បានកើនឡើងលើស ៣២០លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើងដល់ទៅ ១០ដង ធៀបនឹងឆ្នាំ២០២២។ របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានដ៏ធំបំផុតរបស់អាល្លឺម៉ង់ បានឲ្យដឹងថា ការលក់ភាគច្រើន គឺជាសមាសភាគ សម្រាប់ប្រព័ន្ធការពារដែនអាកាស និងឧបករណ៍ទំនាក់ទំនង។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ (ទី៧ ខែមេសា) គឺថ្ងៃគម្រប់រយៈពេល ៦ខែ គិតចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅក្នុងជម្លោះនេះ បានកើនឡើងដល់ ៣៣.២០៧នាក់ហើយ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តមាន៕