
ឧត្តមនាវីឯកអាមេរិក នៅថ្ងៃអង្គារ (ទី៩ ខែមេសា) នេះ បាននិយាយថា សកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង គឺជាឧទាហរណ៍មួយនៃការព្យាយាមដណ្តើមយកទឹកដីតាមរយៈកម្លាំង និងកំពុងធ្វើឲ្យមានអស្ថិរភាព ក្នុងតំបន់។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងចិន មានការប៉ះទង្គិចនៅដែនសមុទ្រជាបន្តបន្ទាប់ជាមួយគ្នា ក្នុងនោះរួមទាំងការប្រើកាណុងបាញ់ទឹក និងការប្រើពាក្យសម្ដីខ្លាំងៗដាក់គ្នាទៅវិញទៅមក ដែលបានបង្កឲ្យមានការព្រួយបារម្ភអំពីការកើនឡើងនូវជម្លោះ នៅដែនសមុទ្រ។
នៅក្នុងសុន្ទរកថាទៅកាន់វិទ្យាស្ថាន Lowy Institute នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឧត្តមនាវីឯកលោក John Aquilino មេបញ្ជាការនៃបញ្ជាការរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថា សកម្មភាពរបស់ចិនប្រឆាំងនឹងហ្វីលីពីន ជាពិសេសនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal គឺ «គ្រោះថ្នាក់ ខុសច្បាប់ ហើយពួកគេកំពុងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់»។ ហើយជាមួយគ្នានេះ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីអ្វីដែលលោកបាននិយាយថា ជាការធ្វើសមកាលកម្ម រវាងរុស្ស៊ី និងចិន៕