
តុលាការឥណ្ឌា នៅថ្ងៃអង្គារ (ទី៩ ខែមេសា) នេះ បានច្រានចោលការប្ដឹងជំទាស់នឹងការចាប់ខ្លួន កាលពីខែមុន ចំពោះមេដឹកនាំប្រឆាំងដ៏សំខាន់ និងជារដ្ឋមន្រ្ដីប្រចាំរដ្ឋធានីជាតិ Delhi គឺលោក Arvind Kejriwal ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ជាដីកាមួយដែលផ្ដល់ការខកចិត្តដល់គណបក្សប្រឆាំង ពោលគឺមានរយៈពេល ១០ថ្ងៃមុនការបោះឆ្នោតសកល។
គួរបញ្ជាក់ថា លោក Kejriwal ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (ED) កាលពីថ្ងៃទី២១ ខែមីនា ពាក់ព័ន្ធនឹងការចោទប្រកាន់ពុករលួយ ទាក់ទងនឹងគោលនយោបាយស្រារបស់រដ្ឋធានីជាតិ Delhi ដែលការចាប់ខ្លួនបង្កឲ្យមានការតវ៉ានៅក្នុងរដ្ឋធានី និងភាគខាងជើងរដ្ឋ Punjab ដែលគ្រប់គ្រងផងដែរដោយគណបក្សរបស់លោក គឺគណបក្ស Aam Aadmi (AAP)។
តុលាការក្រុង កាលពីសប្តាហ៍មុន បានបន្តឃុំខ្លួនលោក Kejriwal រហូតដល់ថ្ងៃទី១៥ ខែមេសា ហើយបានបញ្ជូនលោកទៅកាន់ពន្ធនាគារ Tihar របស់រដ្ឋធានីជាតិ Delhi ជាកន្លែងដែលមេដឹកនាំជាន់ខ្ពស់របស់គណបក្ស AAP ២នាក់ ក៏ត្រូវបានឃុំខ្លួនក្នុងសំណុំរឿងដូចគ្នានេះ។ មេដឹកនាំទី៣ របស់គណបក្ស AAP ដែលត្រូវបានឃុំខ្លួនក្នុងសំណុំរឿងនេះ ត្រូវបានអនុញ្ញាតឲ្យមានការធានានៅក្រៅឃុំ ក្នុងខែនេះ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ៦ខែ។
គណបក្ស AAP និយាយថា ការចាប់ខ្លួនលោក Kejriwal នៅក្នុងករណី «ប្រឌិដ្ឋឡើងនេះ» គឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាលនៃគណបក្ស Bharatiya Janata Party (BJP) របស់នាយករដ្ឋមន្ត្រីលោក Narendra Modi ដើម្បីរារាំងមេដឹកនាំដែលលេចធ្លោមិនឲ្យបានធ្វើការឃោសនា នៅក្នុងការបោះឆ្នោតរយៈពេលជិត ៧សប្តាហ៍ ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា។ រដ្ឋាភិបាល និងគណបក្ស BJP បានបដិសេធការចោទប្រកាន់នេះ៕