
យោងតាមបច្ចុប្បន្នភាពចុងក្រោយរបស់ភាគីទាំងពីរស្ដីពីជម្លោះនេះ បានអោយដឹងថា រុស្ស៊ីបានអះអាងកាលពីថ្ងៃច័ន្ទថា បានធ្វើការវាយប្រហារលើទីតាំងមួយរបស់អ៊ុយក្រែនដែលផលិតនិងស្ដុកទុកយានដ្រូនវាយប្រហារធុនធ្ងន់ ខណ:ដែលអ៊ុយក្រែនបញ្ជាក់នៅថ្ងៃជាមួយគ្នាថា ខ្លួនបានវាយប្រហារប្រព័ន្ធមីស៊ីលការដែនអាកាសរបស់រុស្ស៊ី និងគោលដៅយោធាផ្សេងទៀត។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា មួយថ្ងៃមុននេះ កងទ័ពរុស្ស៊ីបានវាយទប់វាយលុករបស់អ៊ុយក្រែននៅមុខព្រួញ គូពីយ៉ាំង អាវឌីអ៊ិវកា ដូនេត និងមុខព្រួញជាច្រើនទៀត។
បន្ថែមពីលើនេះទៀត កងទ័ពរុស្ស៊ី បានធ្វើការវាយប្រហារមួយដោយប្រើប្រាស់មីស៊ីលតាកទិកយុទ្ធអ៊ីស្កាន់ឌើរ ១គ្រាប់លើកន្លែងផលិតយានដ្រូនធុនធ្ងន់ និងឃ្លាំងស្ដុកទុកគ្រឿងបរិក្ខារដែលស្ថិតនៅក្នុងតំបន់ហ្សាប៉ូរីហ្សានៅក្នុងការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហាររបស់កងទ័ពអ៊ុយក្រែន លើកន្លែងស្ដុកប្រេង និងឧស្ម័នរបស់រុស្ស៊ី។
នៅថ្ងៃជាមួយគ្នានេះ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍ថា ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអ៊ុយក្រែន បានពើបប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីជាច្រើនលើកលើសមរភូមិ ដោយបានវាយប្រហារគោលដៅយោធារុស្ស៊ីជាច្រើន ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាស និងមូលដ្ឋានសង្រ្គាមអេឡិកត្រូនិកផងដែរ។
ក្រៅពីនេះ បើយោងទៅលើការិយាល័យរដ្ឋអាជ្ញាតំបន់ហ្សាប៉ូរីហ្សាបានអោយដឹងថា ការវាយប្រហារបស់កងទ័ពរុស្ស៊ីកាលពីថ្ងៃច័ន្ទបណ្ដាលអោយមនុស្សយ៉ាងហោចណាស់៣នាក់ ស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងតំបន់៕