បាល់ទាត់៖ ខ្សែបម្រើបារាំង Paul Pogba បានបដិសេធសំណើកិច្ចសន្យាថ្មីជាមួយក្រុមបិសាចក្រហម Manchester United ដែលមានប្រាក់ឈ្នួល ៣៥ម៉ឺនផោន នេះបើតាមសេចក្តីរាយការណ៍ជាច្រើនបានចុះផ្សាយម្សិលមិញនេះ។

Paul Pogba ដែលនៅសល់កិច្ចសន្យាមួយឆ្នាំទៀតនៅ Old Trafford នោះកំពុងស្ថិតក្រោមការចាប់អារម្មណ៍ក្រុមក្លិបធំៗមួយចំនួន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Mirror ឱ្យដឹងថា Paul Pogba បានបដិសេធសំណើកិច្ចសន្យាថ្មីរបស់ក្លិប ដែលធ្វើឱ្យគេជាកីឡាករដែលមានប្រាក់ឈ្នួលច្រើនបំផុតទី២ ពីក្រោម David de Gea ដែលមានប្រាក់ឈ្នួល ៣៧ម៉ឺន ៥ពាន់ផោន។ សារព័ត៌មានដដែលបានសរសេរថា Paul Pogba មិនមានចេតនាបន្តការស្នាក់នៅជាមួយ Manchester United រយៈពេលវែងទៀតឡើយ ហើយក្លិបក៏នឹងត្រូវបង្ខំចិត្តលក់ចេញនៅរដូវក្តៅនេះ ប្រសើរជាងចាកចេញរដូវកាលក្រោយដោយមិនបានអ្វីសោះ។ Paris Saint Germain គឺជាក្លិបឈានមុខគេក្នុងការចរចានាំយកកីឡាករវ័យ ២៨ឆ្នាំរូបនេះ ស្របពេល Real Madrid ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនផងដែរ៕
អត្ថបទ៖នាង សុភាវុធ