អ៊ីស្រាអែលនិយាយថា ជំនួយកំពុងសម្រុកចូលក្នុងដែនដីហ្កាហ្សាកាន់តែលឿន បន្ទាប់ពីសម្ពាធអន្តរជាតិកើនឡើងលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ យ៉ាងណា ចំនួននេះត្រូវបានជំទាស់ ហើយអង្គការសហប្រជាជាតិនិយាយថា បរិមាណជំនួយនេះនៅតែតិចជាងចំនួនអប្បបរមាដើម្បីបំពេញតម្រូវការមនុស្សធម៌នៅឡើយ។

អ៊ីស្រាអែល បាននិយាយថារថយន្តដឹកទំនិញចំនួន៤១៩គ្រឿង ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីជម្លោះបានចាប់ផ្តើម បានចូលទៅក្នុងតំបន់នេះកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ទោះបីជាអង្គការអឌ្ឍចន្ទក្រហមនិងអង្គការសហប្រជាជាតិ បានផ្តល់តួលេខទាបជាងនេះយ៉ាងណាក្ដី ដោយអង្គការសហប្រជាជាតិបាននិយាយថា ចំនួនរថយន្តមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដោយសារតែច្បាប់អធិការកិច្ចរបស់អ៊ីស្រាអែល។

រយៈពេល៦ខែនៅក្នុងយុទ្ធនាការផ្លូវអាកាស និងថ្មើរជើងរបស់កងទ័ពអ៊ីស្រាអែល នៅក្នុងដែនដីហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី ៧ ខែតុលា ពីសំណាក់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែនដីប៉ាឡេស្ទីន ត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធនេះ បានមើលឃើញការបំផ្លិចបំផ្លាញ ឈានដល់ការប្រឈមគ្រោះទុរ្ភិក្ស និងជំងឺរាតត្បាត ស្របពេលប្រជាជនស្ទើរតែទាំងអស់នៅពេលបច្ចុប្បន្ននេះគ្មានផ្ទះសម្បែង។

ទីភ្នាក់ងារជំនួយបានត្អូញត្អែរថា អ៊ីស្រាអែលពុំបានធានាឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់អាហារ ឱសថ និងការផ្គត់ផ្គង់មនុស្សធម៌ដែលត្រូវការចាំបាច់ផ្សេងទៀតនោះទេ ហើយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានចោទប្រកាន់ថា អ៊ីស្រាអែលបានប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម។
អ្នកនាំពាក្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ អូឆា (OCHA) លោក ជែនស៍ឡេអើគី (Jens Laerke) ក៏បានចង្អុលបង្ហាញអំពីការរឹតបន្តឹងធ្ងន់ធ្ងរលើការផ្តល់ជំនួយនៅខាងក្នុងតំបន់ហ្កាហ្សានេះដែរកាលពីខែមុន ដោយនិយាយថា អ៊ីស្រាអែល បានបដិសេធប្រហែល៣លើក មិនព្រមឲ្យក្បួនពាក់កណ្តាលដែលខ្លួនព្យាយាមបញ្ជូនទៅកាន់ភាគខាងជើងកាលពីខែមីនា រួមទាំងក្បួនជំនួយរបស់អង្គការសហប្រជាជាតិចូលទេ៕