ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអង្គារ (០៩ មេសា) ថា ក្រសួងការពារជាតិអ៊ីស្រាអែល កំពុងបញ្ជាទិញតង់ចំនួន ៤០.០០០ តង់ មុនពេលការជម្លៀសអ្នកស្រុកចេញពីទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបាននិយាយថា ខ្លួនគ្រោងនឹងវាយលុកដើម្បីបំផ្លាញកងវរសេនាតូចដែលនៅសេសសល់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទ។

មិនមានការបញ្ជាក់ភ្លាមៗពីក្រសួងការពារជាតិនៃការទិញនេះទេ ខណៈសារព័ត៌មាន ហ្សេរុយសាឡឹម បុស្តិ៍ (Jerusalem Post) ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយក្នុងចំណោមផ្សព្វផ្សាយដែលបានរាយការណ៍ព័ត៌មាននេះ បាននិយាយថាដំណឹងនេះត្រូវបានបែកធ្លាយដោយពុំមានការប្រកាសជាផ្លូវការ។

ព័ត៌មាននៃការគ្រោងទិញតង់ ដែលតង់នីមួយៗអាចស្នាក់នៅបានមនុស្ស ១២ នាក់នេះគឺជាសញ្ញាមួយក្នុងចំណោមសញ្ញាដំបូងនៃការរៀបចំជាក់ស្តែងសម្រាប់ការជម្លៀសក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់បានជ្រកកោន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានលើកឡើងម្តងហើយម្តងទៀតនូវផែនការដើម្បីលុកលុយទីក្រុងរ៉ាហ្វា ដែលជាទីក្រុងចុងក្រោយបង្អស់នៅតំបន់ហ្កាហ្សា ដែលមិនទាន់ប្រឈមមុខនឹងការវាយលុកដ៏ធំ។
នៅមុនពេលមានការវាយប្រហារណាមួយកើតឡើង យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងជម្លៀសប្រជាជនស៊ីវិលទៅកាន់អ្វីដែលគេហៅថា «កោះមនុស្សធម៌» នៅភាគកណ្តាលហ្កាហ្សា ដោយផ្តល់អាហារ ទឹក និងបរិក្ខារពេទ្យដល់អ្នកដែលត្រូវការ៕