ក្រសួងសុខាភិបាលបាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់១៤នាក់ស្លាប់ កាលពីថ្ងៃអង្គារ ក្នុងអំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរំ Nuseirat ក្នុងតំបន់ហ្កាហ្សា។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ដែនដីប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ការវាយប្រហារ ដែលបានបង្កឲ្យរងរបួសមនុស្សជាច្រើននាក់ បានកំណត់គោលដៅលើទីតាំងលំនៅឋានក្នុងជំរំជនភៀសខ្លួន Nuseirat នៅផ្នែកភាគកណ្តាលនៃតំបន់ហ្កាហ្សា។

ការវាយប្រហារតាមអាកាសផ្សេងទៀត ត្រូវបានគេរាយការណ៍នៅទីក្រុង Deir al-Balah នៅទីក្រុងហ្កាហ្សាភាគកណ្តាល និងទីក្រុង Rafah នៅភាគខាងត្បូងផុត។
ការវាយប្រហារនេះ បានកើតឡើងនៅមុនថ្ងៃបុណ្យ Eid al-Fitr ជាពិធីដែលបញ្ចប់ការតមអាហារតាមច័ន្ទគតិរបស់សាសនាឥស្លាមនៃខែបុណ្យរ៉ាម៉ាដាន ដែលត្រូវបានរំពឹងទុកនៅតំបន់ហ្កាហ្សានៅថ្ងៃពុធ ទី១០ ខែមេសានេះ។
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា សំណើរបស់អ៊ីស្រាអែលស្តីពីបទឈប់បាញ់នៅក្នុងសង្រ្គាមរបស់ពួកគេនៅហ្កាហ្សា មិនបានបំពេញតាមការទាមទាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះទេ ប៉ុន្តែក្រុមនេះនឹងសិក្សាការផ្តល់ឲ្យពេលវេលាបន្ថែមទៀត និងផ្តល់ការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្របសម្រួល។
សំណើនេះ ត្រូវបានប្រគល់ទៅឱ្យចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន ដោយអ្នកសម្របសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា ក្នុងកិច្ចពិភាក្សានៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងគោលបំណងស្វែងរកច្រកចេញពីសង្គ្រាមដ៏មហន្តរាយនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបច្ចុប្បន្ននេះ ឈានចូលដល់ខែទីប្រាំពីររបស់ខ្លួន។