លោកប្រធានាធិបតីចិន Xi Jinping បានជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ហ្សើហ្គេ ឡារ៉ូហ្វ (Sergey Lavrov) កាលពីថ្ងៃអង្គារជាសញ្ញានៃការគាំទ្រគ្នាទៅវិញទៅមក និងចែករំលែកការប្រឆាំងទៅនឹងលទ្ធិប្រជាធិបតេយ្យលោកខាងលិចស្របពេលសង្គ្រាម របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី លោក Lavrov បានប្រាប់លោក Xi ថា យើងសូមសម្តែងការដឹងគុណ និងកោតសរសើរខ្ពស់បំផុតរបស់យើងចំពោះជោគជ័យដែលលោកប្រធានាធិបតីសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លើសពីនេះទៀតនោះ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក។

យើងរីករាយដោយស្មោះចំពោះជោគជ័យទាំងនេះ ព្រោះទាំងនេះគឺជាជោគជ័យរបស់មិត្ត ទោះបីជាមិនមែនគ្រប់គ្នាក្នុងពិភពលោកចែករំលែកអាកប្បកិរិយានេះ និងកំពុងព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេសចិនក៏ដោយ តាមពិតទៅក៏ដូចជាការអភិវឌ្ឍន៍របស់រុស្ស៊ីដែរ។
ភាពឯកោផ្នែកសេដ្ឋកិច្ច និងការទូតដែលកំពុងកើនឡើងលើរុស្ស៊ី បានធ្វើឱ្យប្រទេសនេះពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រទេសចិន ដែលជាអតីតគូប្រជែងរបស់ខ្លួនសម្រាប់ការដឹកនាំនៃប្លុកកុម្មុយនិស្តកំឡុងសង្គ្រាមត្រជាក់។ក្នុងទសវត្សរ៍កន្លងមក ប្រទេសទាំងពីរបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវគោលនយោបាយការបរទេសរបស់ខ្លួន បានធ្វើសមយុទ្ធយោធារួមគ្នា និងស្វែងរកការប្រមូលផ្តុំរដ្ឋដែលមិនចូលបក្សសម្ព័ន្ធនៅក្នុងក្រុមដូច ជាអង្គការសហប្រតិបត្តិការសៀងហៃ។
ប្រមុខការទូតរុស្ស៊ីរូបនេះ បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារជាមួយសមភាគីចិនលោក Wang Yi ដោយបានបញ្ជាក់ឡើងវិញនូវសាមគ្គីភាពក្នុងកិច្ចការអន្តរជាតិ។លោក Lavrov បាននិយាយថា រុស្ស៊ី និងចិន ប្រឆាំងរាល់ព្រឹត្តិការណ៍អន្តរជាតិ ដែលមិនយកជំហររបស់រុស្ស៊ីទៅពិចារណា៕
