ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (០៩ មេសា) ថាក្រុមអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ បានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្លាប់ និងរបួសដែលជាជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន កាលពីខែមុន ខណៈដែលកងកម្លាំងរុស្ស៊ី បានបង្កើនការវាយប្រហារឥតឈប់ឈរ។

ចំនួនអ្នកស្លាប់រួមមានកុមារយ៉ាងតិច ៥៧ នាក់បានស្លាប់ ឬរងរបួសនៅក្នុងខែមីនា ដែលចំនួននេះកើនឡើងទ្វេដងពីខែកុម្ភៈ។ បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ទៀងផ្ទាត់ថាជនស៊ីវិលយ៉ាងហោចណាស់ ៦០៤ នាក់ដែលត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែមីនា ដែលកើនឡើងចំនួន ២០ ភាគរយពីខែកុម្ភៈ។

បេសកកម្មនេះបានរកឃើញថា អ្នករងគ្រោះភាគច្រើនគឺជាស៊ីវិលដែលមានចំនួន ៩៣,៥ ភាគរយ ក៏ដូចជាការខូចខាតភាគច្រើនដល់កន្លែងអប់រំ និងសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានកើតឡើងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
អ៊ុយក្រែន បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាពិសេសកាលពីខែមីនា ហើយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ប្រទេសនេះអាចអស់មីស៊ីលការពារដែនអាកាស ប្រសិនបើរុស្ស៊ី បន្តយុទ្ធនាការទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដ៏ខ្លាំងក្លារបស់ខ្លួន។
លោកបាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ីបានបាញ់ទម្លាក់គ្រាប់បែកពីលើអាកាសចំនួនជាង ៣.០០០ គ្រាប់ យានដ្រូនចំនួន ៦០០ គ្រឿង និងមីស៊ីល ៤០០ គ្រាប់ទៅលើអ៊ុយក្រែន នៅក្នុងខែមីនា ដែលជាតួលេខដ៏ច្រើនសន្ធឹកសន្ធាប់៕