លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីថ្ងៃអង្គារទី៩មេសា ថា លោកបានមើលឃើញឱកាសកាន់តែច្រើនសម្រាប់កិច្ចការរួមគ្នាបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក លើផ្នែកបន្ទះឈីបអេឡិចត្រូនិកកុំព្យូទ័រជំនាន់ថ្មី។

លោក Kishida បានធ្វើអត្ថាធិប្បាយបែបនេះ ត្រឹមតែមួយថ្ងៃ មុនជំនួបកំពូលជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden ដែលនឹងផ្ដោតលើការពង្រឹងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការពារជាតិដើម្បីបញ្ឈប់ឥទ្ធិពលដែលចេះតែកើនឡើងរបស់ប្រទេសចិន។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Microsoft បាននិយាយថា ខ្លួននឹងវិនិយោគទំហំទឹកប្រាក់២,៩ពាន់លានដុល្លារអាមេរិក រយៈពេលជាង២ឆ្នាំដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ជាការវិនិយោគដ៏ធំបំផុតរបស់ខ្លួនក្នុងពេល៤៦ឆ្នាំ ដែលប្រទេសនេះ បានធ្វើប្រតិបត្តិការក្នុងប្រទេសនៅអាស៊ីមួយនេះ។

ថ្លែងនៅឯកិច្ចប្រជុំតុមូលស្ដីពីបច្ចេកវិទ្យា រៀបចំដោយសភាពាណិជ្ជកម្មរបស់អាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្ត្រីជប៉ុន បានសំដៅដល់រោងចក្រផលិតបន្ទះឈីបអេឡិចត្រូនិក Rapidus ក្នុងប្រទេសជប៉ុន។
លោកថា នៅក្នុងវិស័យផលិតបន្ទះឈីបអេឡិចត្រូនិក ក្រុមហ៊ុន Rapidus គឺជាដៃគូជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនៃបន្ទះឈីបជំនាន់ថ្មី។
លោកប្រាកដណាស់ថា នឹងមានឱកាសកាន់តែច្រើនថែមទៀត សម្រាប់កិច្ចការរួមគ្នារវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ។
លោក Kishida ពុំបាននិយាយឈ្មោះប្រទេសចិនទេ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភានោះ ប៉ុន្តែបាននិយាយថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន ដែលត្រូវកសាងសមត្ថភាពនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំង២ និងជំរុញកកំណើនរួមគ្នាសម្រាប់សេដ្ឋកិច្ចសកល៕