រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Marina Silva បាននិយាយកាលពីថ្ងៃអង្គារ ទី៩ ខែមេសា ដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវអវកាស INPE ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃ Amazon របស់ប្រទេសប្រេស៊ីល បានធ្លាក់ចុះ ៤០% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤ នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

លោកស្រី Silva បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋធានី Brasilia ថាទិន្នន័យមានសារៈសំខាន់ខ្លាំង ដោយសារកាលពីឆ្នាំ២០២៣ ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះ ៥០%។ លោកស្រី ពុំបានផ្តល់តួលេខលម្អិតនោះទេ។ ទិន្នន័យតាមផ្កាយរណបបឋម ដែលផ្តល់ឲ្យដោយទីភ្នាក់ងារ INPE បានឲ្យដឹងថា រហូតដល់ថ្ងៃទី ២៨ ខែមីនា បានបង្ហាញថាផ្ទៃដី ៤៩២ គីឡូម៉ែត្រក្រឡា នៃព្រៃ Amazon ត្រូវបានរុករានក្នុងអំឡុងពេលនោះ ដែលមានការធ្លាក់ចុះ៤១,៨% លើមូលដ្ឋានប្រចាំឆ្នាំ។

លោកស្រី Silva បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលមានបំណងវិនិយោគក្នុងទឹកប្រាក់ ១៤៥,៨៧ លានដុល្លារ ក្នុងសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅក្នុងទីតាំងចំនួន ៧០កន្លែងនៅប្រទេសប្រេស៊ីល ជាកន្លែងដែលមានការកាប់បំផ្លាញព្រៃឈើជិត ៨០% នៃព្រៃ Amazon កាលពីឆ្នាំ ២០២២ ។
លោកស្រី បាននិយាយបន្ថែមថា ប្រទេសប្រេស៊ីល ក៏កំពុងធ្វើការលើសំណើបង្កើតមូលនិធិសកលដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិរក្សព្រៃឈើ។