រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកដេវីត កាមេរុន ( Lord Cameron)បាននិយាយថា ប្រទេសលោកខាងលិចត្រូវការ «ផែនការ B» ក្នុងករណីដែលអ៊ីស្រាអែល បន្តទៅមុខជាមួយនឹងការលុកលុយទៅលើទីក្រុងរ៉ាហ្វា ( Rafah)។
លោកកាមេរុន បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយលោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។

លោកបានប្រាប់សន្និសីទនេះថា៖«ដូចដែលយើងបានឃើញការសម្លាប់ដ៏សោកនាដកម្មនៃបុគ្គលិកអង្គការ World Central Kitchen ប្រសិនបើអ្នកមានជម្លោះនោះ រឿងផ្សេងៗទៀត ក៏អាចកើតឡើងដែរ។

«យើងមានផែនការ A ច្បាស់លាស់ណាស់សម្រាប់របៀបដែលយើងធ្វើឲ្យជម្លោះនេះបញ្ចប់ យើងមានការផ្អាកបណ្តោះអាសន្ន យើងប្រែក្លាយទៅជាបទឈប់បាញ់ប្រកបដោយនិរន្តរភាព យើងឃើញមេដឹកនាំក្រុមហាម៉ាស ត្រូវបានដកចេញពីតំបន់ហ្កាហ្សា យើងឃើញហេដ្ឋារចនាសម្ព័ន្ធភេរវករ ត្រូវបានបំផ្លាញ។ នោះហើយជាវិធី ដើម្បីមានដំណើរការនយោបាយដែលនាំឲ្យសង្រ្គាមឈានដល់ទីបញ្ចប់។
ប៉ុន្តែប្រសិនបើវាមិនដំណើរការទេ យើងត្រូវគិតអំពីអ្វីទៅជាផែនការB? តើអង្គការមនុស្សធម៌ និងអង្គការផ្សេងទៀត អាចធ្វើអ្វីបាន ដើម្បីប្រាកដថា ប្រសិនបើមានជម្លោះនៅទីក្រុងរ៉ាហ្វា ប្រជាជន អាចទទួលបានសុវត្ថិភាព ពួកគេអាចទទួលបានស្បៀងអាហារ ពួកគេអាចទទួលបានទឹក ពួកគេអាចទទួលបានថ្នាំ ហើយមនុស្ស ត្រូវមានសុវត្ថិភាព ហើយខ្ញុំគិតថា នោះជាអ្វីដែលយើងនឹងត្រូវសម្លឹងមើល និងនិយាយនៅថ្ងៃនេះ។