រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយថា ទីក្រុងកង់បេរ៉ា នឹងពិចារណាលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលជាការផ្លាស់ប្តូរគោលនយោបាយួយ ខណៈដែលសហគមន៍អន្តរជាតិ ស្វែងរកដំណោះស្រាយរដ្ឋពីរ ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។

នៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃអង្គារ លោកស្រី Wong បានគាំទ្រការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសដេវីត កាមេរុន ( David Cameron) ដែលបាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមទាំងនៅអង្គការសហប្រជាជាតិ នឹងធ្វើឲ្យដំណោះស្រាយរដ្ឋពីរ មិនអាចកែប្រែបានទេ។
លោកស្រី Wong បានលើកឡើងថា សហគមន៍អន្តរជាតិ កំពុងពិភាក្សាអំពីភាពជារដ្ឋរបស់ប៉ាឡេស្ទីន «ជាមធ្យោបាយនៃការបង្កើតកម្លាំងជំរុញឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»។
លោកស្រី បានថ្លែងថា៖«ដំណោះស្រាយរដ្ឋពីរ គឺជាក្តីសង្ឃឹមតែមួយគត់ ដើម្បីបំបែកវដ្តនៃអំពើហិង្សា ដែលគ្មានទីបញ្ចប់នោះ»។
អ្វីដែលហៅថាដំណោះស្រាយរដ្ឋពីរជាមូលដ្ឋានសម្រាប់កិច្ចប្រឹងប្រែងសន្តិភាពអន្តរជាតិ ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនយូរមកហើយ ប៉ុន្តែដំណើរការ ត្រូវបានជាប់គាំងអស់មួយទសវត្សរ៍មកហើយ សូម្បីតែមុនពេលសង្រ្គាមបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីនរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
ប្រជាជនប៉ាឡេស្ទីន ប្រាថ្នាចង់មានរដ្ឋឯករាជ្យមួយនៅតំបន់វេសបែង( West Bank) និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ( East Jerusalem) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ និងរួមទាំងតំបន់ហ្កាហ្សាផងដែរ។