សាក្សីផ្ទាល់ភ្នែក និងអភិបាលក្នុងតំបន់បាននិយាយថា យានដ្រូនជាច្រើនគ្រឿងបានវាយប្រហារទីក្រុង ហ្កាដារ៉េហ្វ (Gadaref) នៃប្រទេសស៊ូដង់ កាលពីថ្ងៃអង្គារ (០៩ មេសា) ដែលធ្វើឱ្យសង្រ្គាមដ៏បង្ហូរឈាមនេះ រាលដាលចូលទៅក្នុងជារដ្ឋកសិកម្មដ៏ស្ងប់ស្ងាត់មួយ ដែលជនភៀសខ្លួនជិតកន្លះលាននាក់បានជ្រកកោន។

ក្រុង ហ្កាដារ៉េហ្វ គឺជារដ្ឋធានីនៃរដ្ឋ អាល់-ហ្កាដារ៉េហ្វ (al-Gadaref) ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យោធា ខណៈដែលសង្រ្គាមរវាងកងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ជិតដល់ពេលមួយឆ្នាំ។
កងកម្លាំង RSF បានកាន់កាប់រដ្ឋធានីខាទុម រដ្ឋជិតខាង ហ្កេហ្ស៊ីរ៉ា (Gezira) ក៏ដូចជាផ្នែកភាគច្រើននៃតំបន់ ដាហ្វឺ (Darfur) និង ខូដូហ្វាន (Kordofan) នៅភាគខាងលិច ខណៈដែលកងទ័ពស៊ូដង់កាន់កាប់ភាគខាងជើង និងខាងកើតនៃប្រទេស រួមទាំងកំពង់ផែសមុទ្រក្រហមដ៏សំខាន់របស់ខ្លួន។

អភិបាលក្រុង ហ្កាដារ៉េហ្វ បានបញ្ជាក់ពីការវាយប្រហារដោយយានដ្រូននេះ តែមិនបានធ្វើការស្តីបន្ទោសលើភាគីណាមួយឡើយ។ លោកបានជំរុញជនស៊ីវិលដែលបានចូលរួមចលនាតស៊ូដ៏ពេញនិយមឱ្យត្រៀមខ្លួនការពារតំបន់។
មនុស្សជាង ៨,៥ លាននាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមមក ខណៈក្រុមជំនួយព្រមានអំពីគ្រោះទុរ្ភិក្ស ដែលនឹងកើតឡើងនៅក្នុងផ្នែកជាច្រើននៃប្រទេសមានផ្ទៃដីធំជាងគេទីបី របស់ទ្វីបអាហ្រ្វិកមួយនេះ៕