ប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន បានបញ្ជាឱ្យមនុស្សជាង ១០ ម៉ឺននាក់ជម្លៀសខ្លួនចេញ បន្ទាប់ពីព្រិលបានរលាយយ៉ាងលឿន ហើយបានបង្កជាជំនន់ទឹកចេញពីទន្លេ ធំៗ ដែលជាទឹកជំនន់ដ៏អាក្រក់បំផុតនៅតំបន់នេះក្នុងរយៈពេលយ៉ាងហោចណាស់ ៧០ ឆ្នាំ។

ទឹកជំនន់នៃទឹករលាយពីព្រិលនេះ បានគ្របដណ្ដប់លើការតាំងទីលំនៅជាច្រើននៅលើតំបន់ភ្នំ អ៊ូរ៉ល់ (Ural) ស៊ីបេរី និងតំបន់ជាច្រើននៃប្រទេសកាហ្សាក់ស្ថាន ដែលនៅជិតទន្លេសំខាន់ៗដូចជាទន្លេ អ៊ូរ៉ល និងទន្លេ ថូប៊ូល (Tobol) ដែលក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា កម្ពស់ទឹកបានកើនឡើងរាប់ម៉ែត្រ ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះទៅដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា។

ក្រសួងគ្រាអាសន្នរបស់រុស្ស៊ីបាននិយាយថា កម្រិតទឹកបានធ្លាក់ចុះក្នុងតំបន់មួយចំនួន ប៉ុន្តែបានពណ៌នាស្ថានភាពថានៅតែលំបាក។ ទន្លេ អ៊ូរ៉ល គឺជាទន្លេដែលវែងជាងគេទីបីរបស់អឺរ៉ុប ដែលហូរកាត់ប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន ចូលទៅក្នុងសមុទ្រកាសព្យែន (Caspian)។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយពីបញ្ហានេះទៅកាន់លោកប្រធានាធិបតី ខាស៊ីម-ចូម៉ាត ថូខែវ (Kassym-Jomart Tokaev) នៃប្រទេសកាហ្សាក់ស្ថាន ជាទីដែលមនុស្សជាង ៨៦.០០០ នាក់ត្រូវបានជម្លៀសចេញដោយសារទឹកជំនន់។ លោកប្រធានាធិបតី ថូខែវ និយាយថា ទឹកជំនន់នេះប្រហែលជាអាក្រក់បំផុតនៅកាហ្សាក់ស្ថាន ក្នុងរយៈពេល ៨០ ឆ្នាំ៕