បាល់ទាត់៖ ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal, Emile Smith Rowe បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួននៅជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បន្ទាប់ពីចុះកិច្ចសន្យារយៈពេលវែង។ កីឡាករវ័យ ២០ឆ្នាំដែលចេញពីថ្នាលយុវជនរបស់ Arsenal ស្រាប់រូបនេះធ្លាប់បានទទួលសំណើទិញពី Aston Villa ពីរលើកតែសុទ្ធតែត្រូវបានបដិសេធ។

Emile Smith Rowe បង្ហាញខ្លួនរដូវកាលមុនឱ្យ Arsenal នៅ Premier League បាន ២០លើករកបាន ២គ្រាប់ និងគ្រាប់បាល់បញ្ជូន ៤ ដែលចាត់ទុកជារដូវកាលដ៏ល្អមួយ សំរាប់កីឡាករដែលចេញពីថ្នាលយុវជនរូបនេះ។ រដូវកាលថ្មីនេះ Smith Rowe បានទទួលអាវលេខ ១០ នៅ Arsenal ដែលធ្លាប់ពាក់ដោយ Denis Bergkamp និង Mesut Ozil។ កីឡាករក្រុមយុវជនអាយុក្រោម ២១ឆ្នាំអង់គ្លេសរូបនេះនៅសល់កិច្ចសន្យា ២ឆ្នាំទៀតជាមួយ Arsenal និងធ្លាប់ត្រូវបាន Aston Villa ដាក់សំណើសុំទិញតំលៃ ២៥លានផោនលើកទី១ និង ៣០លានផោននៅលើកទី២ តែ Arsenal ក្រោមការដឹកនាំរបស់ Mikel Arteta មិនមានគម្រោងលក់ចេញនោះឡើយ និងចាត់ទុករូបគេជាកីឡាករសំខាន់នាពេលអនាគត៕
អត្ថបទ៖នាង សុភាវុធ