មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) បានប្រកាសនៅថ្ងៃពុធ (១០ មេសា) នេះថា លោកបានតែងតាំងលោក ចូ យ៉ុងថៃ (Cho Jung-tai) ដែលជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ធ្វើជាមន្ដ្រីជាន់ខ្ពស់ថ្មី (កោះនេះហៅថា នាយករដ្ឋមន្ត្រី)។

មន្ដ្រីជាន់ខ្ពស់ថ្មី និងគណៈរដ្ឋមន្ត្រីរបស់ខ្លួន នឹងមិនកាន់តួនាទីទេរហូតដល់លោក ឡៃ បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ខាងមុខ។
នៅក្រោមប្រព័ន្ធរដ្ឋាភិបាលរបស់តៃវ៉ាន់ មេដឹកនាំតែងតាំងមន្ដ្រីជាន់ខ្ពស់ ដែលបន្ទាប់មកមន្ដ្រីជាន់ខ្ពស់នោះតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីជាមួយនឹងការយល់ព្រមចុងក្រោយពីមេដឹកនាំ ហើយគណៈរដ្ឋមន្ត្រីនោះជាអ្នកដែលបង្កើតគោលនយោបាយ និងស្នើច្បាប់។

លោក ចូ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងប្រកាសសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅពេលក្រោយ ដោយបន្ថែមថា លោកនឹងជ្រើសរើសពីគ្រប់ជួរគណបក្ស។ លោក ឡៃ ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ បានឈ្នះការបោះឆ្នោតមេដឹកនាំកាលពីខែមករា ប៉ុន្តែបក្ស DPP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។
គណបក្សប្រឆាំងដ៏សំខាន់របស់តៃវ៉ាន់ គឺគណបក្ស គូមីនតាំង (KMT) បានយកអាសនៈច្រើនជាងគេ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្កើតសភាភាគច្រើនដោយខ្លួនឯងនោះទេ។ អាសនៈផ្សេងទៀតត្រូវបានឈ្នះដោយគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដ៏តូច ដែលដឹកនាំដោយអតីតអភិបាលក្រុងតៃប៉ិ លោក កឺ វិនជឺ (Ko Wen-je)៕