សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤តាមរយៈបណ្ដាញសង្គម តេឡេក្រាម និងហ្វេសប៊ុក បានណែនាំដល់ គ្រប់រាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ជាពិសេស បញ្ហាចរាចរណ៍ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

អមជាមួយនឹងរូបភាព រាជធានី-ខេត្ត ទាំង ២៥ ដែលបានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារក្នុងរាជធានីភ្នំពេញ ដែលមានបំណងធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ អាចប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលសាលារាជធានីភ្នំពេញបានរៀបចំនៅតាមគោលដៅទាំង ៨ ដែលបានជូនដំណឹងជាមុនរួចរាល់ហើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្មាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់គ្រប់រាជធានី ខេត្ត ស្រុក ក្រុង ត្រូវរៀបចំឱ្យបានអធិកអធម ជាពិសេសរៀបចំពិធីសង្ក្រាន្តឱ្យបានសប្បាយរីករាយនៅតាមមូដ្ឋានភូមិ ឃុំផ្ទាល់តែម្ដង៕









