ជនសង្ស័យ ១៥នាក់ ករណីគ្រឿងញៀន ០៧គីឡូក្រាម ត្រូវបានតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំង ថាំង ហ៊ួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នាប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ១២ នាក់ ជនជាតិវៀតណាម ចំនួន ០២នាក់ និងជនជាតិខ្មែរចំនួន ០១ នាក់ រកឃើញសារធាតុញៀន ប្រភេទ MDMA ទម្ងន់ជាង ៤គីឡូក្រាម សារធាតុញៀន កេតាមីន ទម្ងន់ ជាង ១គីឡូក្រាម ប្រភេទរុក្ខាជាតិក្រៀម ទម្ងន់ ១៦២,៩៤ក្រាម និងសារធាតុមិនច្បាស់លាស់ទម្ងន់ ៦២,៣៩ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ និងបក្ខពួក ពីបទ ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា៤២ មាត្រា ៤៤ មាត្រា៤៥ និងមាត្រា៤៨ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៕តារាវុទ្ធី



