ភេរវករជាង ១២.000 នាក់ ត្រូវបានសម្លាប់ និងប្រហែល ៤.៦០០នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកលើដីរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប នេះបើយោងតាមស្ថិតិចែករំលែកដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃអាទិត្យ រយៈពេល៦ខែមកទល់ ថ្ងៃនេះ បន្ទាប់ពីក្រុមភេរវករឥស្លាមសកម្មប្រយុទ្ធ បានធ្វើការវាយប្រហារដ៏អាក្រក់បំផុតនៅលើទឹកដីអ៊ីស្រាអែល។

ទិន្នន័យនោះ ក៏បានបង្ហាញផងដែរថា ទាហានអ៊ីស្រាអែលចំនួន ៦០៤នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ដែលប្រហែលពាក់កណ្តាលនៃពួកគេកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលភេរវកររាប់ពាន់នាក់ដឹកនាំដោយកងកម្លាំងសម្រាំង Nukhbaរបស់ក្រុមហាម៉ាស បានលួចជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែលភាគខាងត្បូង ដោយវាយលុកមូលដ្ឋានទ័ព ក៏ដូចជាការវាយលុកតាមទីក្រុងនានា ភូមិ និងពិធីបុណ្យតន្ត្រីក្នុងតំបន់នោះ។

ដោយមានទាហានបម្រុងប្រមាណ ៣០០.០០០នាក់ ត្រូវបានកោះហៅឲ្យបំពេញកាតព្វកិច្ចក្នុងរយៈពេល៦ខែកន្លងមកនេះ យោងតាមទិន្នន័យរបស់កងទ័ពកាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងដកកងទ័ពជើងគោកភាគច្រើនចេញពីតំបន់ហ្កាហ្សាភាគខាងត្បូងសម្រាប់ «ហេតុផលយុទ្ធសាស្ត្រ» ។
របាយការណ៍ បាននិយាយថា កងពលតូចចំនួនពីរ នឹងបន្តនៅពាក់កណ្តាលភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ដើម្បី «រក្សាសេរីភាពនៃសកម្មភាពរបស់កងកម្លាំងការពារអ៊ីស្រាអែល និងសមត្ថភាពរបស់ខ្លួនក្នុងការធ្វើប្រតិបត្តិការ ដែលមានមូលដ្ឋានលើព័ត៌មានចារកម្មដ៏ច្បាស់លាស់»។