ក្រុមជួយសង្គ្រោះរបស់ប្រទេសអ៊ីតាលី នៅបន្តស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់ និង៤នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួននៅក្នុងការផ្ទុះនៅក្រោមដីនៅរោងចក្រថាមពលវារីអគ្គិសនី នៅភាគខាងជើងប្រទេសអ៊ីតាលី។

ក្រុមហ៊ុនរបស់ប្រទេសអ៊ីតាលី អ៊ីណែល អ៊ីណេមី (Enel ENEI.MI) បានបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះកាប៊ីនភ្លើងមួយរបស់ខ្លួន នៅរោងចក្រថាមពលវារីអគ្គិសនីនៅក្នុងតំបន់ Bargi ជិតទីក្រុង Bologna កាលពីពេរសៀល។ ក្រុមពន្លត់អគ្គិភ័យបាននិយាយថា ការផ្ទុះបានកើតឡើងនៅវេលាម៉ោងប្រហែល៣រសៀល ម៉ោងក្នុងស្រុក នៅទំនប់ទឹកមួយកន្លែងនៅលើបឹង Suviana ជាបឹងសិប្បនិម្មិតមួយក្នុងចំណោមបឹងសិប្បនិម្មិតចំនួនបី ដែលជួយដល់ស្ថានីយ៍ថាមពល។

ក្រុមហ៊ុន Enel មិនបានធ្វើការអត្ថាធិប្បាយអំពីមូលហេតុនោះទេ។ ក្រុមហ៊ុនបាននិយាយថា អាងទំនប់ទឹក ពុំត្រូវបានបំផ្លាញនោះទេ ហើយរោងចក្រមិនដំណើរការនៅពេលកើតមានឧបទ្ទវហេតុ ដូច្នេះពុំមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីឡើយ។
ការស្លាប់ក្នុងឧបទ្ទវហេតុនេះ ទំនងជាបង្កការព្រួយបារម្ភ ដែលបង្ហាញដោយសហជីពពាណិជ្ជកម្ម អំពីសុវត្ថិភាពកន្លែងធ្វើការ នៅក្នុងប្រទេសអ៊ីតាលី។
សហជីពធំៗចំនួនពីររបស់ប្រទេស មានផែនការធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេលបួនម៉ោង នៅថ្ងៃព្រហស្បតិ៍ដើម្បីតវ៉ាជុំវិញបញ្ហានេះ។