ខណៈនៅថ្ងៃទី១៣ ខែមេសាខាងមុខនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងចូលមកដល់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ពលរដ្ឋ អ្នកទេសចរទៅតាមតំបន់រម្មណីយដ្ឋានផ្សេងៗ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមទុកដាក់សំរាម សំណល់ដែលបានប្រើប្រាស់រួចឱ្យបានត្រឹមត្រូវនៅតាមទីតាំងទុកដាក់សំរាម។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងាថា ជាការពិសេសដោយសារពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំនេះ គឺបានប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤នេះ។ ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំថ្មីនេះ ប្រជាពលរដ្ឋមានភាពសប្បាយរីករាយខ្លាំង ដោយប្រជាពលរដ្ឋខ្មែរបានរស់នៅក្រោមម្លប់សន្ដិភាព អាចមានឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅគ្រប់មូលដ្ឋានភូមិ ឃុំ ស្រុក ក្រុងនៅទូទាំងប្រទេស។
ឯកឧត្តមបានលើកឡើងថា ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់ប្រទេសជាតិ ក្រៅពីសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជួបជុំក្រុមគ្រួសារ បងប្អូន ក៏ត្រូវរួមគ្នាថែរក្សាអនាម័យ បរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យមូលដ្ឋាន វត្តអារាម និងតំបន់រម្មណីយដ្ឋាននានា មានភាពស្អាត សោភ័ណភាពល្អ ទាក់ទាញទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយហើយស្ងើចសរសើរអំពីភាពស្អាតរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា ក្រសួងបរិស្ថានតាមរយៈការដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានសាធារណៈជន សិស្សានុសិស្ស កម្មករកម្មការិនីសរុបជិត ៨ លាននាក់បានចូលរួមក្នុងយុទ្ធនាការនេះ។ តាមរយៈយុទ្ធនាការនេះ ពលរដ្បានប្ដេជ្ញាថា យ៉ាងហោចណាស់១ថ្ងៃ ពួកគេមិនប្រើប្រាស់ថង់ប្លាស្ទិកឡើយ៕ អត្ថបទ៖ វ៉ន ដារ៉ា
