ប្រជាជនកូរ៉េខាងត្បូង ចេញបោះឆ្នោតជ្រើសរើសសភាថ្មីនៅថ្ងៃពុធ ទី១០ ខែមេសានេះ នៅក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញ ដែលត្រូវបានអ្នកវិភាគមើលឃើញថាជាការបោះឆ្នោតប្រជាមតិ សម្រាប់ប្រធានាធិបតី លោក Yoon Suk Yeol ដែលប្រជាប្រិយភាពរបស់លោករងការលំបាក ក្នុងពេលមានវិបត្តិជីវភាពរស់នៅ និងការរាលដាលនៃរឿងអាស្រូវនយោបាយ។

អ្នកបោះឆ្នោតកូរ៉េខាងត្បូង បោះឆ្នោតដើម្បីជ្រើសរើសតំណាងរបស់ពួកគេទៅកាន់រដ្ឋសភា។ ប្រទេសនេះ រៀបចំការបោះឆ្នោតសកលរៀងរាល់បួនឆ្នាំម្តង។ ការបោះឆ្នោតនៅឆ្នាំនេះ ត្រូវបានគេមើលឃើញថាជាការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការគ្រប់គ្រងរបស់ប្រធានាធិបតី លោក Yoon Suk-yeol ដែល លោកនឹងចូលដល់ឆ្នាំទីបីនៃអាណត្តិរយៈពេលប្រាំឆ្នាំរបស់លោកនៅខែក្រោយ។

ការបោះឆ្នោតត្រូវបានកំណត់ចាប់ផ្តើមនៅវេលាម៉ោង៦ព្រឹក នៅការិយាល័យបោះឆ្នោតជាង១៤.០០០កន្លែង។ សមាជិក ៣០០រូបនៃប្រព័ន្ធឯកសភា នឹងត្រូវបានបោះឆ្នោតជ្រើសរើសដោយការបោះឆ្នោតថ្នាក់ស្រុកឬសង្កាត់ និងតាមរយៈប្រព័ន្ធតំណាងសមាមាត្រ។ ការបោះឆ្នោតនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតប្រជែងរវាងគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច និងគណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងធំ។
គណបក្សអំណាចប្រជាជន(PPP) ស្វែងរកការទទួលបានសំឡេងភាគច្រើន ដើម្បីជួយដំណើរការ រដ្ឋាភិបាលដែលមានស្ថិរភាព។
ការិយាល័យបោះឆ្នោត នឹងបិទនៅម៉ោង ៦ ល្ងាច ដោយលទ្ធផលបឋមត្រូវបានរំពឹងទុកនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ។