ភ្នំពេញ៖ អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានបញ្ជាក់ថា ប្រទេសមហាអំណាចមួយនេះ នឹងផ្ដល់ជំនួយជាវ៉ាក់សាំងប្រភេទ Johson & Johnson ចំនួនជាង ១លានដូសមកកម្ពុជា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលការបែងចែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានប្រកាសឱ្យដឹងបែបនេះនៅលើគណនី Twitter របស់លោកនៅរសៀលថ្ងៃនេះ។
អគ្គរដ្ឋទូតអាមេរិករូបនេះ បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកកំពុងតែធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា មជ្ឈមណ្ឌលសម្របសម្រួលការបែងចែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (COVAX) និងអង្គការយូនីសែហ្វ ដើម្បីដឹកជញ្ជូនវ៉ាក់សាំងនេះមកកម្ពុជាឱ្យបានឆាប់។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈកន្លងមក ហើយប្រជាជនកម្ពុជាជាង ៦.៣៣លាននាក់ហើយ បានទទួលវ៉ាក់សាំង ក្នុងនោះពលរដ្ឋជាង ៤.២៥លាននាក់ហើយបានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់៕អត្ថបទ ៖ សុធី