រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin កាលពីថ្ងៃអង្គារ បាននិយាយថា ពុំមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ចំពេលមានសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនោះទេ។

លោក Austin បាននិយាយក្នុងអំឡុងពេលសវនាការនៃគណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភា នៅវិមាន Capitol Hill បានបដិសេធថា អ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ បន្ទាប់ពីក្រុមអ្នកតវ៉ា បានរំខានដល់គណៈកម្មាធិការ ហើយបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់មូលនិធិដល់សង្រ្គាមដែលពួកគេហៅថា ជាអំពើប្រល័យពូជសាសន៍។
លោក Austin បាននិយាយបន្ទាប់ពីមានសំណួររបស់សមាជិកព្រឹទ្ធសភាលោក Tom Cotton ដើម្បីឆ្លើយតបទៅក្រុមបាតុករថា៖«យើងមិនមានភ័ស្តុតាងនៃអំពើប្រល័យពូជសាសន៍ទេ»។

លោកក៏បានជៀសវាងការនិយាយសំដៅទៅលើការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូងថា ជាអំពើប្រល័យពូជសាសន៍ បន្ទាប់ពីការសាកសួរពីសមាជិកព្រឹទ្ធសភា លោកRoger Wicker ដែលជាសមាជិកក្នុងគណៈកម្មាធិការ។
លោក Austin បានលើកឡើងអំពីការវាយប្រហារថ្ងៃទី៧ ខែតុលា បន្ទាប់ពីលោកWicker បានដាក់សម្ពាធលើខ្លួនម្តងហើយម្តងទៀត ដោយសំដៅលើការវាយប្រហារនោះថា ជាអំពើប្រល័យពូជសាសន៍។
ក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១.១០០នាក់ នៅក្នុងការវាយប្រហារ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់។ ចំណាប់ថ្នូរប្រហែល ១០០នាក់ ត្រូវបានគេជឿថា នៅរស់រានមានជីវិត នៅក្នុងតំបន់ហ្កា ហ្សា និងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។