ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃពុធ (១០ មេសា) នេះថា កិច្ចប្រជុំកំពូលត្រីភាគីនាពេលខាងមុខរវាងសហរដ្ឋអាមេរិក ហ្វីលីពីន និងជប៉ុន នឹងរួមបញ្ចូលកិច្ចព្រមព្រៀងមួយដើម្បីរក្សាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង។

លោក ម៉ាកូស គ្រោងនឹងចាកចេញទៅទីក្រុងវ៉ាស៊ីនតោន នៅរសៀលថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida)។ លោក ម៉ាកូស ក៏គ្រោងនឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយលោក បៃដិន មុនពេលកិច្ចប្រជុំក្នុងចំណោមមេដឹកនាំទាំងបីផងដែរ។

ប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់លោក ម៉ាកូស បានពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក និងជប៉ុនកាន់តែស៊ីជម្រៅ ខណៈដែលការប៉ះទង្កិចដែនសមុទ្រជាមួយចិន នៅសមុទ្រចិនខាងត្បូងមានការកើនឡើង។

លោក ម៉ាកូស បានអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពហ្វីលីពីនទំហំជិតពីរដងធៀបនឹងកាលពីមុន ដែលទាហានអាមេរិកអាចចូលបាន ហើយកិច្ចពិភាក្សាកំពុងដំណើរការជាមួយប្រទេសជប៉ុនសម្រាប់កិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមកដែលនឹងអនុញ្ញាតឱ្យមានវត្តមានរបស់កងកម្លាំងជប៉ុននៅលើទឹកដីហ្វីលីពីន។
ទន្ទឹមនឹងនេះដែរ លោក ម៉ាកូស ក៏បានបដិសេធនូវអត្ថិភាព (វត្តមាន) នៃអ្វីដែលគេហៅថា «កិច្ចព្រមព្រៀងសុភាពបុរស» ដែលត្រូវបានរាយការណ៍ថា ស្ថិតនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ជាមួយទីក្រុងប៉េកាំង ដើម្បីរក្សាស្ថានភាពដដែលនៅក្នុងតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនសមុទ្រមានជម្លោះនៅសមុទ្រចិនខាងត្បូង៕