ក្រុមបាតុករជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃអង្គារ(០៩ មេសា) ដោយបានរិះគន់ផែនការរបស់រដ្ឋាភិបាល ក្នុងការស្តារឡើងវិញនូវច្បាប់ ដែលតម្រូវឱ្យក្រុមដែលទទួលបានមូលនិធិពីបរទេស ចុះឈ្មោះជាភ្នាក់ងារបរទេស ដែលពួកគេប្រដូចច្បាប់នេះទៅនឹងការគាបសង្កត់របស់រុស្ស៊ី។

គណបក្ស សុបិន្តប្រជាជនហ្សកហ្ស៊ី (Georgian Dream) ដែលជាបក្សកាន់អំណាច បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនមានបំណងនាំយកមកវិញនូវសំណើច្បាប់ដែលខ្លួនបានបោះបង់ចោលកាលពីឆ្នាំមុនបន្ទាប់ពីការតវ៉ាដោយហិង្សា។
ច្បាប់នេះនឹងតម្រូវឱ្យអង្គការដែលទទួលបានច្រើនជាង ២០ ភាគរយនៃមូលនិធិរបស់ពួកគេពីបរទេស ឱ្យចុះឈ្មោះជា «ភ្នាក់ងារផលប្រយោជន៍បរទេស» ដែលខ្លឹមសារស្រដៀងទៅនឹងច្បាប់ដែលបានអនុម័តនៅក្នុងប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin)។

ក្រុមបាតុករបានដើរកាត់កណ្តាលរដ្ឋធានី ប៊ីលីស៊ី (Tbilisi) ដោយស្រែកពាក្យថា ប្រឆាំងនឹង «ច្បាប់រុស្ស៊ី»។ ប្រទេសរុស្ស៊ី ដែលបានលុកលុយហ្សកហ្ស៊ី ក្នុងឆ្នាំ២០០៨ ត្រូវបានពលរដ្ឋហ្សកហ្ស៊ី មិនចូលចិត្តខ្លាំង ដោយសារការគាំទ្ររបស់ខ្លួនចំពោះតំបន់បំបែក អាបខាហ្សៀ (Abkhazia) និង សៅ អូសិនទៀ (South Ossetia)។
បក្ស សុបិន្តប្រជាជនហ្សកហ្ស៊ី ច្រានចោលការប្រៀបធៀបរវាងសំណើច្បាប់របស់ខ្លួនមួយនេះ ទៅនឹងច្បាប់របស់រុស្ស៊ី ហើយនិយាយថាវាត្រូវការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលបរទេស៕