
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃអង្គារ បានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកាណាដា ថា បានប្រកាន់ជំហរមិនច្បាស់លាស់ ជុំវិញការវាយឆ្មក់របស់ នករបាលអេក្វាឌ័រ កាលពីពេលថ្មីៗនេះ ទៅលើស្ថានទូតម៉ិកស៊ិកក្នុងទីក្រុង Quito ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បាននិយាយថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសម៉ិកស៊ិក ពុំបានថ្កោលទោសការរំលោភច្បាប់អន្តរជាតិរបស់ប្រទេសអេក្វាឌ័រ ដូចប្រទេសដទៃទៀតនោះទេ។
លោកប្រធានាធិបតី និយាយថា ប្រទេសម៉ិកស៊ិក នឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីធ្វើអន្តរាគមន៍។
នគរបាលប្រទេសអេក្វាឌ័រ បានសម្រុកចូលស្ថានទូតម៉ិកស៊ិក ក្នុងទីក្រុង Quito កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រ លោក Jorge Glas ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីម៉ិកស៊ិក បានផ្តល់សិទ្ធិជ្រកកោនផ្នែកនយោបាយដល់លោក។
បន្ទាប់ពីការលុកលុយនៅស្ថានទូតម៉ិកស៊ិក លោក Lopez Obrador បានប្រកាសពីការផ្អាកទំនាក់ទំនងការទូតជាមួយប្រទេសអេក្វាឌ័រ និងបានបញ្ជាឱ្យបិទទ្វារប៉ុស្តិ៍ជួរមុខស្ថានទូតនៅក្នុងប្រទេសតំបន់ភ្នំអង់មួយនេះ ដោយគ្មានកំណត់ពេល។