
របាយការណ៍មួយបាននិយាយថា សមយុទ្ធហ្គេមសង្គ្រាមប្រចាំឆ្នាំរបស់កោះតៃវ៉ាន់នៅឆ្នាំនេះ នឹងបង្ហាញពីការប្រៀបប្រដូចការពិតសេណារីយ៉ូក្នុងករណីដែលប្រទេសចិនបង្វែរសមយុទ្ធយោធាជាញឹកញាប់របស់ខ្លួន នៅជុំវិញកោះនេះ ទៅជាការវាយប្រហារជាក់ស្តែង។
លោក Tung Chih-hsing ប្រធានអង្គភាពផែនការប្រយុទ្ធរួមនៃអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។ លោក បាននិយាយថា សមយុទ្ធនេះនឹងរួមមានកងទ័ពជើងទឹក ទ័ពអាកាស កងកម្លាំងឆ្មាំល្បាតឆ្នេរ យានដ្រូន និងអាវុធប្រឆាំងនាវាដែលដាក់នៅមាត់ឆ្នេរ ដើម្បីបង្កើតខ្សែច្រវ៉ាក់វាយប្រហារ និងសម្លាប់ នៅសមុទ្រ។
សារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ពីអាជ្ញាធរការពារជាតិថា សមយុទ្ធ Han Kuang គ្រោងនឹងចាប់ផ្តើមក្នុងខែមេសានេះ ដោយមានសមយុទ្ធប្រៀបប្រដូចគ្រាអសន្នជាក់ស្តែងចំនួនប្រាំបីថ្ងៃ បន្ទាប់មកសមយុទ្ធប្រយុទ្ធ នៅក្នុងខែកក្កដា។ បន្ថែមលើនេះ យើងនឹងប្រើប្រាស់កងទ័ពជើងទឹក ទ័ពអាកាស និងនាវាឆ្មាំល្បាតឆ្នេរ ដើម្បីអនុវត្តប្រតិបត្តិការអមការពាររួមគ្នា នៅក្នុងព្រឹត្តិការណ៍ប្រៀបប្រដូចការពិតនៃការបិទច្រកកោះតៃវ៉ាន់ធ្វើឡើងដោយប្រទេសចិន។
សារព័ត៌មាន Reuters រាយការណ៍ថា ប្រទេសចិន បានអនុវត្តការបិទច្រកកោះតៃវ៉ាន់ ក្នុងអំឡុងពេលនៃសមយុទ្ធសង្រ្គាមកាលពីខែមេសា ឆ្នាំមុន។ កាលពីសប្តាហ៍មុន យន្តហោះចម្បាំងចិន រាប់សិបគ្រឿង និងនាវាកងទ័ពជើងទឹកច្រើនគ្រឿង ត្រូវបានរាយការណ៍ថាស្ថិតនៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃតែមួយដែលប្រធានាធិបតីចិន លោក Xi Jinping បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។
អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់និយាយថា ខ្លួនបានតាមដានស្ថានភាព និងប្រើប្រាស់កម្លាំងសមស្រប ក្នុងការឆ្លើយតប។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក Xi កាលពីថ្ងៃទី ២ ខែមេសា សេតវិមានបាននិយាយថា ប្រធានាធិបតី លោក Biden បានបញ្ជាក់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ នីតិរដ្ឋ និងសេរីភាពនៃការធ្វើនាវាចរណ៍ នៅសមុទ្រចិនខាងត្បូង។