
លោក អាលីរ៉េហ្សា តាំងស៊ីរី(Alireza Tangsiri) មេបញ្ជាការកងទ័ពជើងទឹកឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារបាននិយាយថា អ៊ីរ៉ង់អាចបិទច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ ប៉ុន្តែខ្លួននឹងមិនធ្វើដូច្នេះឡើយ។
លោក Tangsiri បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Al-Mayadeen របស់ ប្រទេសលីបង់ថា ប្រសិនបើយើងមានបំណង យើងអាចបិទផ្លូវទឹកនេះបាន ប៉ុន្តែយើងមិនធ្វើដូច្នេះទេ ដោយសារតែយើងប្រើប្រាស់ផ្លូវទឹកនេះ និងច្រកសមុទ្រនេះ ប្រទេសជិតខាងរបស់យើងក៏ប្រើប្រាស់វាផងដែរ។ ទន្ទឹមនឹងនោះ លោកបានចាត់ទុកវត្តមានរបស់អ៊ីស្រាអែល នៅក្នុងប្រទេសជិតខាង ដែលស្ថិតនៅលើច្រកសមុទ្រនេះ ថាជាការគំរាមកំហែងដល់ទីក្រុងតេអេរ៉ង់ ដោយបញ្ជាក់ពីសន្តិសុខក្នុងតំបន់ និងច្រកសមុទ្រ Hormuz ថាជាការទទួលខុសត្រូវរួម។
មេបញ្ជាការកងទ័ពជើងទឹកនៃឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) ក៏បាននិយាយសំដៅទៅលើវត្តមានរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ និងសមុទ្រអូម៉ង់ ថាជាការព្រួយបារម្ភខ្លាំងសម្រាប់អ៊ីរ៉ង់ និងប្រទេសជិតខាង ដោយបញ្ជាក់ថា សន្តិសុខរបស់ពួកគេ មានទំនាក់ទំនងគ្នាទៅវិញទៅមក។
លោកនិយាយថា កងទ័ពជើងទឹកនៃឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) តាមដានជាប់ជានិច្ចនូវចំណាត់ការ សកម្មភាព និងអាកប្បកិរិយា របស់សហរដ្ឋអាមេរិក ដើម្បីការពារទីតាំងនានាក្នុងដែនទឹក។
លោក Tangsiri និយាយថា ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ នៅតែបន្ត ដោយមាននាវាដឹកប្រេង និងនាវា ៨៥គ្រឿង ឆ្លងកាត់ដោយសុវត្ថិភាពជារៀងរាល់ថ្ងៃ។
ច្រកសមុទ្រ Hormuz គឺជាច្រកឆ្លងកាត់ការដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ដែលតភ្ជាប់ជាយុទ្ធសាស្រ្តរវាងប្រទេសផលិតប្រេងឆៅនៅមជ្ឈិមបូព៌ា ជាមួយទីផ្សារសំខាន់ៗនៅទូទាំងពិភពលោក។