
មន្ត្រីនៅប្រទេសថៃ នៅថ្ងៃទីពុធ (ទី១០ ខែមេសា) នេះ បានឲ្យដឹងថា អាជ្ញាធរថៃបានពន្យារពេលរហូតដល់ខែឧសភា សម្រាប់សវនាការចំពោះអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ពាក់ព័ន្ធថា តើត្រូវចោទប្រកាន់រូបលោកដែរ ឬយ៉ាងណា ជុំវិញបណ្តឹងប្រមាថព្រះមហាក្សត្រ។
ពាក្យបណ្តឹងរបស់ពួកយោធារាជានិយមដែលបានទម្លាក់រដ្ឋាភិបាលប្អូនស្រីរបស់លោក ថាក់ស៊ីន គឺកើតចេញពីការផ្ដល់បទសម្ភាសន៍របស់លោកទៅឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេស កាលពីឆ្នាំ២០១៥។ លោក ថាក់ស៊ីន វ័យ ៧៤ឆ្នាំ បានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយម្តងហើយម្តងទៀតអំពីភាពស្មោះត្រង់របស់លោកចំពោះរបបរាជានិយម។
លោក Prayut Phetkhun អ្នកនាំពាក្យអគ្គរដ្ឋអាជ្ញាថៃ បានប្រាប់សន្និសីទសារព័ត៌មានថា សវនាការបន្ទាប់ត្រូវបានកំណត់នៅថ្ងៃទី២៩ ខែឧសភា ដោយសារការស៊ើបអង្កេតលើបណ្តឹងនេះមិនទាន់បានបញ្ចប់នៅឡើយ។ លោកបន្តថា លទ្ធផលនៃការស៊ើបអង្កេតមិនទាន់បានបញ្ចប់គ្រប់ទិដ្ឋភាពនោះទេ។
គួរបញ្ជាក់ថា ប្រទេសថៃហាមមិនឲ្យមានការរិះគន់លើរាជវង្សនោះឡើយ ជាមួយនឹងច្បាប់ប្រមាថព្រះមហាក្សត្រនេះ ដែលជាច្បាប់ដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។
លោក ថាក់ស៊ីន ដែលត្រូវបានកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែកុម្ភៈ បន្ទាប់ពីជាប់ឃុំរយៈពេល ៦ខែ។ មហាសេដ្ឋីរូបនេះបានធ្វើការវិលត្រឡប់ដ៏គួរឲ្យភ្ញាក់ផ្អើលមកប្រទេសថៃវិញ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំ ដែលកំឡុងពេលនោះរូបលោកនៅតែជាឥស្សរជនដ៏សំខាន់ ក្នុងជម្លោះនយោបាយដដែលៗ៕