
សមាជិកជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ ទទួលបន្ទុកគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា) បាននិយាយថា លោកនឹងមិនយល់ព្រមលើការផ្ទេរអាវុធដ៏ធំទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេ រហូតដល់លោកមានព័ត៌មានបន្ថែមទៀតអំពីរបៀបដែលអ៊ីស្រាអែលនឹងប្រើប្រាស់អាវុធទាំងនេះ។
តំណាងរាស្ត្រលោក Gregory Meeks បានប្រាប់សារព័ត៌មាន CNN ថា៖ «ខ្ញុំកំពុងរង់ចាំការធានាអះអាង។ ខ្ញុំចង់ធ្វើឲ្យប្រាកដថា ខ្ញុំដឹងពីប្រភេទអាវុធ និងពីអ្វីដែលនឹងត្រូវប្រើប្រាស់ដោយអាវុធនោះ»។
សារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃទី១ ខែមេសាថា រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden កំពុងថ្លឹងថ្លែងថា តើត្រូវបន្តកញ្ចប់ផ្ទេរអាវុធតម្លៃ ១៨ពាន់លានដុល្លារទៅឲ្យអ៊ីស្រាអែលដែរ ឬយ៉ាងណា ដែលនឹងរួមបញ្ចូលទាំងយន្តហោះ Boeing Co F-15 រាប់សិបគ្រឿងផងដែរ។
ព័ត៌មាននេះបានកើតមានឡើងនៅពេលដែលលោក Biden ប្រឈមនឹងសម្ពាធពីដៃគូបរទេស ក្រុមសិទ្ធិមនុស្ស និងសមាជិករបស់គណបក្សប្រជាធិបតេយ្យមួយចំនួនរបស់លោក នៅក្នុងសភា ដែលចង់ឲ្យដាក់ចេញលក្ខខណ្ឌលើការផ្ទេរអាវុធ ដើម្បីគ្រប់គ្រងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
លោក Meeks បាននិយាយថា មាន «ការទម្លាក់គ្រាប់បែកមិនរើសមុខ» នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោកបានបន្ថែមថា៖ «ខ្ញុំមិនចង់ឲ្យប្រភេទអាវុធដែលអ៊ីស្រាអែលប្រើប្រាស់ធ្វើឲ្យមានការស្លាប់បន្ថែមទៀតទេ។ ខ្ញុំចង់ធ្វើឲ្យប្រាកដថា ជំនួយមនុស្សធម៌ចូលទៅដល់តំបន់នោះ។ ខ្ញុំមិនចង់ឲ្យមនុស្សស្រេកឃ្លានរហូតដល់ស្លាប់នោះទេ ហើយខ្ញុំចង់ឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរ»។
លោក Meeks បានប្រាប់ថា លោកនឹងសម្រេចចិត្តថា តើលោកនឹងអនុម័តយល់ព្រមលើការផ្ទេរអាវុធ ឬអត់ បន្ទាប់ពីលោកមានព័ត៌មានបន្ថែម៕