
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា) បានលើកឡើងថា អេក្វាឌ័រទទួលបានការគាំទ្រពីរដ្ឋាភិបាលផ្សេងទៀត ក្នុងការវាយឆ្មក់របស់ខ្លួនលើស្ថានទូតម៉ិកស៊ិក ក្នុងទីក្រុងគីតូ ខណៈដែលកំពុងចាក់ផ្សាយរូបភាពពីកាម៉ារ៉ាសុវត្ថិភាព (CCTV) អំពីភ្នាក់ងារអេក្វាឌ័រសម្រុកចូលទៅខាងក្នុងស្ថានទូត និងប្រឈមមុខជាមួយមន្ត្រីម៉ិកស៊ិក នៅក្នុងនោះ។
វីដេអូឃ្លីបពីខាងក្នុងស្ថានទូតដែលត្រូវបានចាក់ផ្សាយ អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក Lopez Obrador កាលពីថ្ងៃអង្គារនោះ បានបង្ហាញឲ្យឃើញទ្វារមួយត្រូវបានធាក់ទម្លាយ ក៏ដូចជាបុរសម្នាក់ដែលហាក់ដូចជាលោក Jorge Glas អតីតអនុប្រធានាធិបតីរបស់ប្រទេសអេក្វាឌ័រដែលកំពុងជ្រកក្នុងស្ថានទូតនោះ កំពុងត្រូវបានចាប់ទាញដៃទាញជើងដោយនគរបាល ឬទាហាន។
វីដេអូនេះក៏បានបង្ហាញពីបុគ្គលិកស្ថានទូតព្យាយាមបិទទ្វារមួយផ្សេងទៀត ប៉ុន្តែបន្ទាប់មកត្រូវបានធាក់ទៅម្ខាងដោយមន្ត្រីសន្តិសុខអេក្វាឌ័រដែលប្រដាប់ដោយអាវុធ។
លោក Lopez Obrador បានរិះគន់ជំហរ «មិនច្បាស់លាស់» របស់សហរដ្ឋអាមេរិក និងកាណាដាលើជម្លោះនេះ ហើយបានលើកឡើងថា មហាអំណាចផ្សេងទៀតអាចគាំទ្រប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa។ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានស្នើឲ្យអេក្វាឌ័រធ្វើការជាមួយម៉ិកស៊ិក ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់ជម្លោះការទូតនេះ៕