
ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា សន្តិភាពនៅក្នុងប្រទេសកូឡុំប៊ី ក៏នឹងមានន័យស្មើនឹងសន្តិភាពសម្រាប់ប្រទេសវ៉េណេហ្ស៊ុយអេឡាផងដែរ ដោយការលើកឡើងនេះកើតមានអំឡុងពេលជួបជាមួយប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro នៅទីក្រុង Caracas (ការ៉ាកាស) កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា)។
មេដឹកនាំទាំង២ បានបើកកិច្ចប្រជុំបិទទ្វារនៅទីក្រុងការ៉ាកាស ដែលបញ្ហានានាក្នុងរបៀបវារៈនេះ រួមមានកិច្ចសហប្រតិបត្តិការការទូត សន្តិសុខព្រំដែន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល។ នេះគឺជាជំនួបលើកទី៥ របស់មេដឹកនាំទាំង២។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកូឡុំប៊ី បានរិះគន់ការហាមឃាត់ ចំពោះឥស្សរជនរបស់គណបក្សប្រឆាំងវ៉េណេហ្ស៊ុយអេឡាមិនឲ្យឈរឈ្មោះជាបេក្ខជន នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាខែកក្កដា។
ប្រធានគណបក្សប្រឆាំងវ៉េណេហ្ស៊ុយអេឡា លោកស្រី Maria Corina Machado ដែលបានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រឆាំង កាលពីខែតុលាឆ្នាំមុន មិនអាចឈរឈ្មោះបានទេ ដោយសារតែលោកស្រីត្រូវបានហាមឃាំត់មិនឲ្យកាន់តំណែងសាធារណៈ ជាការសម្រេចចិត្តដែលលោកស្រីនិយាយថា គ្មានភាពយុត្តិធម៌។ លោកស្រី Machado បានដាក់ឈ្មោះ លោកស្រី Corina Yoris ជាអ្នកស្នងតំណែងរបស់ខ្លួន ប៉ុន្តែសាស្ត្រាចារ្យវ័យ ៨០ឆ្នាំរូបនេះ ក៏មិនអាចចុះឈ្មោះបេក្ខភាពរបស់ខ្លួនបានដែរ៕