
ប្រទេសទួរគី បាននិយាយថា ខ្លួននឹងដាក់កំហិតពាណិជ្ជកម្មលើប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃអង្គារជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយគ្របដណ្តប់លើផលិតផលជាច្រើនរួមមានស៊ីម៉ងត៍ និងដែក និងសម្ភារៈសំណង់ដែក។
ចំណាត់ការថ្មីនេះ កើតឡើង មួយថ្ងៃបន្ទាប់ពីទួរគី បាននិយាយថា អ៊ីស្រាអែល បានរារាំងកិច្ចប្រឹងប្រែង របស់ខ្លួនក្នុងការទម្លាក់ជំនួយតាមអាកាស ទៅកាន់តំបន់ហ្កាហ្សា។
ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖« ការសម្រេចចិត្តនេះ នឹងនៅតែមានរហូតទាល់តែអ៊ីស្រាអែលប្រកាសបទឈប់បាញ់ភ្លាមៗ និងអនុញ្ញាតឲ្យមានលំហូរគ្រប់គ្រាន់ និងមិនមានការរំខានដល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា»។
ក្រសួង បានភ្ជាប់បញ្ជីផលិតផលចំនួន៥៤មុខ ដែលស្ថិតនៅក្រោមការរឹតបន្តឹងការនាំចេញ។
រដ្ឋមន្ត្រីការបរទេសលោក ហាកាន ហ្វីដាន (Hakan Fidan) កាលពីថ្ងៃចន្ទ បានប្តេជ្ញាសងសឹក អ៊ីស្រាអែលចំពោះការរារាំងកងកម្លាំងទ័ពអាកាសរបស់ប្រទេសទួរគីពីការទម្លាក់ជំនួយតាមអាកាសដល់តំបន់ហ្កាហ្សា ដោយនិយាយថា ពួកគេនឹងត្រូវបានអនុវត្ត «មួយជំហានម្តងៗ» និង «ដោយគ្មានការពន្យារពេល»។