
សារព័ត៌មានរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានជួបសំណេះសំណាលការងារជាមួយអតីតមេដឹកនាំកោះតៃវ៉ាន់លោក Ma Ying-jeou នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ។
លោក Ma បានជួបលោក Xi ចុងក្រោយនៅសិង្ហបុរី កាលពីចុងឆ្នាំ ២០១៥សម្រាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តមុនពេលមេដឹកនាំកោះតៃវ៉ាន់បច្ចុប្បន្នលោកស្រី Tsai Ing-wen ឈ្នះឆ្នោត ។
កាលពីឆ្នាំមុន លោក Ma ដែលជាមេដឹកនាំកោះតៃវ៉ាន់ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ បានក្លាយអតីតមេដឹកនាំកោះតៃវ៉ាន់លើកដំបូងគេ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ។
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលបរាជ័យសាធារណរដ្ឋចិនរត់ភៀសខ្លួនមកកាន់កោះតៃវ៉ាន់កាលពីឆ្នាំ ១៩៤៩ ក្រោយចាញ់សង្រ្គាមស៊ីវិលជាមួយបក្សកុម្មុយនិស្តរបស់លោក Mao Zedong គ្មានមេដឹកនាំកាន់អំណាចណាម្នាក់របស់កោះតៃវ៉ា បានធ្វើដំណើរមកកាន់ប្រទេសចិននោះឡើយ ។
ចិនបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាដែនដីរបស់ខ្លួន ហើយពួកគេបានបង្កើនសំពាធយោធា និងនយោបាយ ដើម្បីចង់ប្រកាសសិទ្ធិមួយនេះ ៕