ភ្នំពេញ ៖ នៅទីតាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងរាជធានីភ្នំពេញនាវេលាថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង មន្រ្តីបុគ្គលិកនៃអង្គភាព CMAC ទាំងអស់បាននិមន្តព្រះសង្ឃជាច្រើនអង្គសូត្រមន្តលើករាសីនិងរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជននិងញាតិការដែលបានចែកឋានទៅ។ក៍ដូចជារៀបចំកម្មវិធីសង្គ្រាន្តជួបជុំសប្បាយ រីករាយអបអរសាទរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកាន់តែឈានចូលមកដល់នាពេលខ្លីខាងមុខនេះ ។
ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងបោសសំអាតមីន (ស៊ីម៉ាក់ ) ឯកឧត្តម ហេង រតនា ក្រៅពីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងការលះ បង់ដ៏ធំធេងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតីរបស់ថ្នាក់ ដឹកនាំមន្រ្តី និងកងកម្លាំងប្រតិបត្តិការស៊ីម៉ាក់ជួរមុខទាំង អស់ក្នុងការបំពេញភារកិច្ចបោសសម្អាតគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ។ជាពិសេសដើម្បីចូលរួមចំណែកនាំមកនូវវឌ្ឍនភាពសង្គម និង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងនោះ ឯកឧត្តមក៍សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនៈត្រ័យ គុណកែវទាំងបី និងទសបារមី ទេព្តាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមព្រះអង្គមេត្តាប្រោសប្រទានពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនដល់បុគ្គលិកស៊ីម៉ាក់ទាំងអស់ឲ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានទទួលជោគជ័យនិងមានសុខសុវតិ្ថភាពក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ទៅមុខទៀត៕ អត្ថបទ ៖ ភារម្យ

















