ភ្នំពេញ៖ កម្ពុជាបានដាក់ឱ្យដំណើរការសេវាកក់សណ្ឋាគារ ដែលអាចអនុញ្ញាតឱ្យអ្នកដំណើរមកចូលមកកម្ពុជាតាមព្រលានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាចកក់សណ្ឋាគារជាមុនសម្រាប់ការធ្វើចត្តាឡីស័ក។
សេចក្ដីសម្រេចនេះ ត្រូវបានក្រសួងសុខាភិបាលប្រកាសឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញនៅថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងបញ្ជាក់ថា សណ្ឋាគារចំនួន មានសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ និងសណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការសេវាកក់សណ្ឋាគារទាំងពីរនេះជាមុន។
ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា អ្នកដំណើរមកដែលមានបំណងចូលមកប្រទេសកម្ពុជាតាមរយៈជើងហោះហើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាចកក់សេវាសណ្ឋាគារទាំងពីរនេះឱ្យបានមុនយ៉ាងតិច ២ថ្ងៃ តាមរយៈវេបសាយរបស់សណ្ឋាគារ។
សម្រាប់អ្នកដំណើរចូលមកកម្ពុជាដែលមិនបានកក់សេវាសណ្ឋាគារជាមុន ក្រសួងបញ្ជាក់ថា តម្រូវឱ្យអនុវត្តនីតិវិធីដូចដែលមានស្រាប់ ដោយតម្រូវឱ្យតម្កល់ប្រាក់ ២,០០០ដុល្លារសម្រាប់ធានាចំណាយក្នុងដំណើរការធ្វើចត្តាឡីស័ក៕អត្ថបទ ៖ រដ្ឋា

