
ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ចេញរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា បុគ្គលិកនៅលើយន្តហោះយោធា បានទម្លាក់ជំនួយមនុស្សធម៌លើតំបន់ហ្កាហ្សាស្រ្ទីប ។
យោងតាមសេចក្តីថ្លែងការណ៍ចេញដោយក្រសួងការពារជាតិចក្រភពអង់គ្លេស បានឲ្យដឹងថា ចក្រភពអង់គ្លេស បានចូលរួមជាមួយប្រទេស៨ផ្សេងទៀត នៅក្នុងការទម្លាក់ជំនួយទ្រង់ទ្រាយធំរបស់អន្តរជាតិ គាប់ជួននិងដំណាច់ខែពិធីបុណ្យតមអាហាររ៉ាម៉ាដាន ។ ប្រទេសដែលចូលរួមទម្លាក់ជំនួយពីលើអាកាស រួមមានហ្សកដានី ឥណ្ឌូនេស៊ី អារ៉ាប់រួម ហូឡង់ បារាំង អាល្លឺម៉ង់ អេហ្ស៊ីប និងសហរដ្ឋអាមេរិក ។
អ៊ីស្រាអែលនិយាយថា ជំនួយបានសម្រុកចូលក្នុងដែនដីហ្កាហ្សាកាន់តែឆាប់រហ័សជាងមុន បន្ទាប់ពីសំពាធអន្តរជាតិកើនឡើងលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។
រថយន្តដឹកទំនិញចំនួន ៤១៩គ្រឿង ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីជម្លោះបានចាប់ផ្តើម បានចូលទៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ទោះបីជាអង្គការអឌ្ឍចន្ទក្រហម និងអង្គការសហប្រជាជាតិ បានផ្តល់តួលេខទាបជាងនេះយ៉ាងណាក្ដី ដោយអង្គការសហប្រជាជាតិបាននិយាយថា ចំនួនរថយន្តមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដោយសារតែច្បាប់អធិការកិច្ចរបស់អ៊ីស្រាអែល ។
គួរឲ្យដឹងថា កាលពីខែមុន មនុស្ស ១២នាក់ បានលង់ទឹកស្លាប់ពេលព្យាយាមទៅដល់ជំនួយដែលទម្លាក់ពីលើយន្តហោះនៅជិតតំបន់ឆ្នេរហ្កាហ្សា ជាហេតុនាំឲ្យទីភ្នាក់ងារជំនួយជំរុញអ៊ីស្រាអែលបើកព្រំដែនសម្រាប់ការចែកចាយតាមជើងគោក ដែលជាច្រកមានសុវត្ថិភាពជាង និងមានប្រសិទ្ធិភាពជាង ៕