
សហរដ្ឋអាមេរិក បានបញ្ជូនទៅអ៊ុយក្រែននូវកាំភ្លើង និងគ្រាប់រំសេវដែលត្រូវបានស្ទាក់ចាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលត្រូវបានរត់ពន្ធដោយខុសច្បាប់ពីប្រទេសអ៊ីរ៉ង់ ទៅឲ្យក្រុមហ៊ួទី នៅ ប្រទេសយេម៉ែន។
ការដឹកជញ្ជូនកាលពីសប្តាហ៍មុននេះ គឺជាលើកទីពីរហើយ ដែលរដ្ឋបាលលោកបៃដិន បានបញ្ជូនអាវុធរបស់អ៊ីរ៉ង់ដែលរឹបអូសទៅកាន់អ៊ុយក្រែន ហើយកើតឡើងចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតនៃជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកដល់ប្រទេសអឺរ៉ុបខាងកើត ខណៈដែលកងកម្លាំងរបស់ទីក្រុងគីវ បន្តការពារប្រឆាំងនឹងម៉ាស៊ីនសង្រ្គាមដែលមិនឈប់ឈររបស់រុស្ស៊ី។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ឬ CENTCOM បានបង្ហាញកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែមេសា បានបញ្ជូនកាំភ្លើង AK-47 ជាង៥.000ដើម កាំភ្លើងយន្ត កាំភ្លើងបាញ់ស៊ីប កាំភ្លើងខ្លី RPG-7 និងគ្រាប់រំសេវអាវុធធុនតូចជាង ៥០០.000គ្រាប់ ទៅឲ្យយោធាអ៊ុយក្រែន។ ទីបញ្ជាការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អាវុធទាំងនេះ នឹងជួយអ៊ុយក្រែនការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។
សព្វាវុធទាំងនេះ ត្រូវបានស្ទាក់ចាប់បាននៅសមុទ្រដោយកងកម្លាំងជើងទឹកអាមេរិក និងដៃគូ ខណៈដែលពួកវាត្រូវបានរត់ពន្ធពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ឬ IRGC ទៅឲ្យក្រុមហ៊ួទីដែលគាំទ្រដោយតេអេរ៉ង់ ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។