កណ្ដាល ៖ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក-ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំខ្ពប់ និងលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ប្រារព្ធកម្មវិធីស្រង់ព្រះជូនដូនចាស់ អញ្ជើញពី១០ភូមិ នៃឃុំខ្ពប សម្រាប់ឆ្នាំទី៧, នៅបរិវេណវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល រៀបចំឡើងក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល, នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ។
កម្មវិធីស្រង់ព្រះប្រចាំឆ្នាំ របស់វីតាល់ និងមូលនិធិ២៥រៀល គឺបានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៦ ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៧ឆ្នាំមកហើយ ដោយខកខានពុំបានធ្វើតែកំឡុងពេលប្រទេសជាតិ និងពិភពលោកកំពុងជួបការលំបាកពីវីរុសកូវីដ-១៩។ កម្មវិធីដ៏ធំប្រចាំឆ្នាំនេះ បានផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយ និងទំនៀមទំលាប់ប្រពៃណីខ្មែរ តាមលំអានព្រះពុទ្ធសាសនា ក្នុងគោលគំនិតនៃការចែករំលែកសេចក្តីល្អ ចែករំលែកសេចក្តីស្រលាញ់អាណិតខ្វល់ខ្វាយចំពោះទុក្ខលំបាក និងតម្រូវការចាំបាច់របស់លោកតា លោកយាយ ចាស់ៗដែលមានជីវភាពលំបាកខ្សត់ខ្សោយ និងមួយវិញទៀតដើម្បីផ្តល់នូវលទ្ធភាពជាសម្ភារៈ សំលៀកបំពាក់ថ្មី និងថវិកាជូនលោកតា លោកយាយសម្រាប់ប្រើប្រាស់ក្នុងឱកាសខិតជិតមកដល់នៃការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ កម្មវិធីវីតាល់ស្រង់ព្រះដ៏ធំប្រចាំឆ្នាំទី៧លើកនេះ ត្រូវបានប្រារព្ធឡើងជាមួយលោកតា លោកយាយ ដែលមានជីវភាពលំបាកក្រីក្រ និងខ្សត់ខ្សោយចំនួន១៥០គ្រួសារមកពី១០ភូមិ នៃឃុំខ្ពប។
សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះថេរដីកាពន្យល់អំពីអត្ថន័យនៃពិធីបុណ្យស្រង់ព្រះ ដោយទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និងជាតិក្រោយ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាអត្ថន័យអប់រំមួយ និងបណ្តុះស្មារតីនៃការចែករំលែកក្តីស្រលាញ់ និងការគោរពដឹងគុណពីកូនចៅ ញាតិផៅ ជូនលោកអ្នកមានគុណ និងព្រឹទ្ធាចារ្យ ផងដែរ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះបានថ្លែងថា សកម្មភាពនៃការរៀបចំកម្មវិធីវីតាល់ស្រង់ព្រះ ជូនដូនចាស់ប្រចាំឆ្នាំនេះ គឺកើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្ម និងពិសេសគឺអតិថិជន ព្រមជាមួយប្រិយមិត្តរបស់វីតាល់ផ្ទាល់តែម្តង ដែលលោកតែងតែគាំទ្រជានិច្ចនូវសកម្មភាពសប្បុរសធម៍ដ៏ប្រពៃនេះជាច្រើនឆ្នាំរួចមកហើយ ។ ការគាំទ្ររបស់អតិថិជនវីតាល់គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់ វីតាល់ ដោយគ្រប់ៗ ដបនៃផលិតផលវីតាល់ គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន ២៥រៀល ដល់មូលនិធិសម្រាប់ការអនុវត្តន៍ គម្រោង និងសកម្មភាពនានាដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភ ទាំង៤ រួមមាន៖ ការអប់រំ, បរិស្ថាន, សុខាភិបាល, សង្គមវប្បធម៍ជាដើម។ បន្ថែមពីនេះ លោកជំទាវ ក៏សូមចំណែកបុណ្យកុសល និងសេចក្តីល្អនេះផ្សាយនូវមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់ វីតាល់ សូមទទួលបានបុណ្យកុសលស្មើៗគ្នា។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំខ្ពប់ បានថ្លែងថា រាជរដ្ឋាភិបាលតែងតែគិតគូរខ្លាំងណាស់ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ អាណត្តិទី៧ ក្នុងរយៈពេល៦ខែដំបូងនេះ សម្រេចបានសមិទ្ធធំៗជាច្រើន ជាពិសេសភារកិច្ចរបស់រាជរដ្ឋាភិបាល គឺបម្រើប្រជាពលរដ្ឋ ដើម្បីធានាសន្តិភាព សុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
គួរបញ្ជាក់ផងដែរថា វីតាល់ ដែលមានមូលនិធិ២៥រៀល បានពាំនាំនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនលោកតាលោកយាយចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈ ១១មុខ ព្រមជាមួយថវិកា, ព្រះសង្ឃ៦០អង្គ ក្នុងមួយអង្គៗទទួលបានទេយ្យវត្ថុចំនួន១១មុខព្រមជាមួយបច្ច័យ និងប្រគេនវត្តខ្ពប នៅសម្ភារៈជាច្រើនមុខផងដែរ។ វីតាល់សូមបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រ និងចូលរួមលើកតម្កើងក្នុងគ្រប់សកម្មភាពសប្បុរសធម៌សង្គម វប្បធម៌មនុស្សធម៌ និងការបង្កើតនូវកម្មវិធីថ្មីៗបន្ថែមទៀត ជាមួយមូលនិធិ២៥រៀលដើម្បីមោទនភាព នៃផលិតផលជាតិ៕
អត្ថបទ៖ រដ្ឋា
























