
ទីក្រុង Madridរបស់ប្រទេសអេស្ប៉ាញ បាននិយាយថា ពួកគេនឹងបង្កើនការដាក់ពង្រាយកងកម្លាំងសន្តិសុខ ពេលដែលក្រុម Real Madrid ជួបជាមួយក្រុម Man Cityនៅក្នុងទឹកដី Bernabeu ក្រោយការគំរាមកំហែងពីក្រុមរដ្ឋអ៊ីស្លាមប្រឆាំងនឹងការប្រកួតវគ្គ ១ភាគ៤ផ្តាច់ព្រ័ត្រ Champions League ដែលរៀបចំឡើងនៅទីក្រុង Madrid និងទីក្រុងប៉ារីស នៅថ្ងៃយប់អង្គារ និងយប់ថ្ងៃពុធ ។
ក្រុមរដ្ឋអ៊ីស្លាម បានគំរាមទីតាំងរៀបចំការប្រកួត ៤កន្លែងសម្រាប់ព្រឹត្តការណ៍បាល់ទាត់ Champions League ក្នុងសប្តាហ៍នេះ រួមទាំងពហុកីឡដ្ឋាន Parc des Princes ស្ថិតក្នុងទីក្រុងប៉ារីស និង ២ប្រកួតទៀតនៅទីក្រុង Madridដែលធ្វើម្ចាស់ផ្ទះដោយក្រុម Real Madrid នៅថ្ងៃអង្គារ និងដោយក្រុម Atletico Madrid នៅថ្ងៃពុធ ដែលត្រូវជួបជាមួយក្រុម Man City និងក្រុម Borussia Dortmund ។
លោក Francisco Martin Aguirre គឺជាប្រធានគណៈប្រតិភូរដ្ឋបាលក្រុង Madrid បាននិយាយថា ការដាក់ពង្រាយកងកម្លាំងសន្តិសុខបន្ថែមទៀត ត្រូវតែធ្វើឡើង អនុឡោមតាមកម្រិតប្រកាសអាសន្នបង្កើតឡើងដោយសេវាកម្មចារកម្ម ហើយនិងកម្លាំងសន្តិសុខរដ្ឋ ។
ដោយឡែក ក្រុមមន្រ្តីជាន់ខ្ពស់នៅទីក្រុងប៉ារីស និយាយថា ពួកគេនឹងបង្កើនការដាក់ពង្រាយកងកម្លាំងសន្តិសុខផងដែរ ហើយនគរបាលអង់គ្លេស និយាយថា ពួកគេបានដឹងសេចក្តីរាយការណ៍ពីការគំរាមកំហែងបែបនេះ ៕