
យោធាអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាស្តីពីការបញ្ចប់វត្តមានរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។
អ្នកនាំពាក្យយោធាអ៊ីរ៉ាក់ លោក Yahya Rasoul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មការយោធាជាន់ខ្ពស់រួមគ្នា (HMC) បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ ហើយភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការងាររបស់អនុគណៈកម្មាធិការដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា កិច្ចប្រជុំក៏បានវាយតម្លៃការគំរាមកំហែងរបស់ក្រុមរដ្ឋឥស្លាម (IS) ស្ថានភាពសន្តិសុខ និងសមត្ថភាពរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ផងដែរ។
នៅក្នុងខែមករា ភាគីទាំងពីរ បានបង្កើតគណៈកម្មការយោធាជាន់ខ្ពស់រួមគ្នា( HMC) ដើម្បីរៀបចំផែនការដកកងទ័ពបរទេសដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ តាំងពីឆ្នាំ ២០១៤ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) នេះបើយោងតាមអាជ្ញាធរអ៊ីរ៉ាក់។