
អ្នកដំណើរនៅលើរថយន្តក្រុងដែលត្រូវបានទឹកជំនន់ហូរយកទៅ នៅតំបន់ភាគខាងកើតប្រទេសកេនយ៉ា បានតោងតាមខ្សែពួទៅកាន់ទីសុវត្ថិភាព ។
អ្នកដំណើរទាំង ៥១នាក់នៅលើយន្តក្រុងធ្វើដំណើរទៅកាន់ទីក្រុង Nairobi បានគេចចេញដោយសុវត្ថិភាព ក្រោយរថយន្តក្រុងមិនអាចឆ្លងកាត់ទន្លេដែលរងការជន់លិចខ្លាំងដោយសារទឹកជំនន់ដ៏គំហក់ ។
រូបភាពវីដេអូឃ្លីប ឃើញពួកគេមួយចំនួននៅលើដំបូលរថយន្តដែលរងការលិចពាក់កណ្តាលខ្លួនអស់រយៈពេលជាច្រើនម៉ោងមកហើយ ពេលដែលពួកគេរង់ចាំជំនួយ ។
សូមបញ្ជាក់ថា ទឹកជំនន់ដ៏គំហក់ បានសម្លាប់មនុស្សរាប់សិបនាក់នៅទូទាំងតំបន់អាហ្វ្រិកខាងកើតក្នុងរយៈពេល ៦ខែចុងក្រោយនេះ ។ ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា បម្រែបម្រួលអាកាសធាតុ បណ្តាលឲ្យកើតមានហេតុការណ៍អាកាសធាតុអាក្រក់បែបនេះញឹកញាប់ជាងមុន ៕